(ភ្នំពេញ)៖ ដំណឹងសាងសង់ផ្លូវរថភ្លើងលើអាកាសពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកំពុងតែមានការចាប់អារម្មណ៍ និងចែកចាយគ្នាបន្តយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម Facebook។ ជាមួយការចែកចាយនេះ អ្នកលេងបណ្តាញសង្គម ក៏បានបង្ហាញអារម្មណ៍រីករាយ និងសាទរខ្លាំងណាស់ផងដែរចំពោះគម្រោងនេះ ព្រោះពួកគេរំពឹងថានឹងរួមចំណែករំដោះការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពិតជាមានគម្រោងនេះមែន ប៉ុន្តែស្ថិតក្នុងដំណាក់កាលសិក្សាបឋមរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅឡើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា ដំណើរការសាងសង់ផ្លូវរថភ្លើងលើអាកាសនេះមិនទាន់អាចដំណើរការសាងសង់នៅអំឡុងខែសីហា ឆ្នាំ២០១៨នេះ ដូចការចែករំលែកតាមបណ្តាញសង្គម Facebook នោះឡើយ។ តែទោះជាយ៉ាងរូបលោក នឹងប្រឹងប្រែងជំរុញឲ្យគម្រោងនេះអាចនឹងចាប់ផ្តើមនៅអំឡុងឆ្នាំ២០១៩ខាងមុខ ហើយចង់ឲ្យបញ្ចប់ជាស្ថាពរនៅមុនការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ ដើម្បីសម្រួលការធ្វើចរាចរណ៍។

រដ្ឋមន្ត្រីដែលកំពុងធ្វើឲ្យមានការគាំទ្រខ្លាំងលើប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋរូបនេះ ក៏បានបញ្ជាក់ដែរថា គម្រោងផ្លូវរថភ្លើងលើអាកាសគ្រោងចំណាយថវិកាប្រមាណ ៨០០លានដុល្លារសហរដ្ឋអាមេរិក។

បើតាមលោក ស៊ុន ចាន់ថុល ផ្លូវរថភ្លើងលើអាកាសនេះមានប្រវែងសរុបប្រមាណ ១៨គីឡូម៉ែត្រ ដោយរត់កាត់ពីលើដងវិថីសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

អ្នកលេងតាមបណ្តាញសង្គម Facebook បានសាទរជាមួយគម្រោងនេះ ហើយក៏សង្ឃឹមថា នឹងមានការជួយសម្របសម្រួល និងមានការធ្វើសម្បទានពីប្រជាពលរដ្ឋនៅតាមតម្រាយផ្លូវដែលត្រូវធ្វើផ្លូវរថភ្លើងលើអាកាសនេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជួបការកកស្ទះដោយកំណើនយានយន្តនាពេលបច្ចុប្បន្ន៕