(ហួស្តុន)៖ មនុស្សយ៉ាង​ហោច​ណាស់ ១០នាក់ បានបាត់​បង់ជីវិត និង ១០នាក់​ផ្សេងទៀត​រងរបួសនៅ​ក្នុងករណីបាញ់ប្រហារយ៉ាងកក្រើក ក្នុងសាលារៀនមួយ​កន្លែងស្ថិតនៅ​ក្នុង​រដ្ឋតិចសាស់ ភាគខាងត្បូង​សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ (ម៉ោងនៅ​រដ្ឋ​តិចសាស់)។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

អភិបាល​រដ្ឋតិចសាស់ លោក ក្រេក អាប់បុតត៍ (Greg Abbott) បានបញ្ជាក់ថា ករណីបាញ់ប្រហារ​ដ៏អាក្រក់បំផុត មិនធ្លាប់មាននៅ​សាលារៀន​ក្នុងរដ្ឋភាគខាងត្បូងនេះ បានផ្ទុះឡើងនៅក្នុងសាលា សាន់តាហ្វេ (Santa Fe) នៃភាគខាងអាគ្នេយ៍​​ទីក្រុង​ហួស្តុន។ បន្ថែមពី​នេះទៀត អភិបាល​រដ្ឋតិចសាស់ ដែលរដ្ឋសម្បូរដោយ​ការបាញ់​បោះសេរី​មួយនេះ ក៏បានសម្តែង​នូវមរណៈទុក្ខ​យ៉ាងក្រៀមក្រំ​បំផុត ព្រមទាំង​អំពាវនាវ​ឲ្យឪពុកម្តាយ​បញ្ចូនកូន​ទៅរៀន ដោយគិតគូរ​បន្ថែមអំពី​សុវត្ថិភាព។

គួរបញ្ជាក់ថា សិស្សសាលាម្នាក់​ប្រដាប់ដោយកាំភ្លើង​ក្នុងដៃ បានចូលទៅក្នុងសាលារៀន​ហើយធ្វើការបាញ់បោះដោយសេរីតែម្តង។ បណ្តា​អ្នកដែលបាន​ឃើញហេតុការណ៍​ជាក់ស្តែង​​បាន​អះអាងថា ពួកគេមិននឹកស្មានថា អាចមានមនុស្សកាន់កាំភ្លើងចូលមក និងធ្វើការបាញ់រះទាំងកម្រោលបែបនេះឡើយ ព្រោះពួកគេឈរនៅទីវាលធម្មតា ក្នុងសាលារៀន ដែលជា​ទីកន្លែងប្រកប​ដោយសុវត្ថិភាពជានិច្ច​កន្លងមក។

ចំពោះអត្តសញ្ញាណ​នៃសិស្ស ដែលបាន​បង្កការបាញ់បោះ​ខាងលើនេះវិញ គឺរូបគេមាន​ឈ្មោះថា ឌីមីទ្រីយូស ផាហ្គួតហ្ស៊ីស (Dimitrios Pagourtzis) អាយុ ១៧ឆ្នាំ ដែលជាសិស្ស​នៃសាលារៀន Santa Fe ផ្ទាល់​តែម្តង។ តាមការ​ពិនិត្យឯកសារ​ក្នុងកុំព្យូទ័រ​របស់ក្មេងប្រុស​រូបនេះ រូបគេបាន​សរសេរថា ខ្លួនចង់ធ្វើការ​បាញ់​ប្រហារ និងសម្លាប់ខ្លួន​ឯងជាក្រោយ ហើយកាំភ្លើង​ដែលរូបគេ​ប្រើនោះ គឺត្រូវបាន​លួចពីឪពុក​ខ្លួនឯង។ ពេលនេះ​ការស៊ើបអង្កេត​កំពុងបន្ត ដោយសិស្ស​សាលាដែលបានបង្ក​ការបាញ់រះ កំពុងស្ថិតក្នុង​ការ​សាកសួរ រួមជាមួយជន​សង្ស័យម្នាក់​ទៀត៕