(ព្រះសីហនុ)៖ រយៈពេល២ថ្ងៃនេះ មានវីដេអូមួយដែលបង្ហាញថា ក្មេងតូចៗ៣នាក់ មានអាការៈទន់ដៃទន់ជើង រវើរវាយ ហើយត្រូវ​ឪពុកម្ដាយ អាណាព្យាបាល បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ​ដែលត្រូវបានចែកចាយបន្ដគ្នា ពេញបណ្ដាញសង្គម Facebook ហើយនាំគ្នាចាត់ទុកថា ក្មេងៗទាំងអស់នោះ ពុលថ្នាំញៀនអ្វីម៉្យាង។

ពាក់ព័ន្ធករណីស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ពេលនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងបើក​ស្រាវជ្រាវយ៉ាងដុតដៃដុតជើង ​ហើយមិនទាន់អាចបញ្ជាក់ថាជាថ្នាំអ្វីនោះទេ ដោយលោករង់ចាំលទ្ធផល នៃការស្រាវជ្រាវ និងស៊ើបអង្កេតរួចរាល់សិន។

សូមជម្រាបថា របាយការណ៍របស់សមត្ថកិច្ចកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង​​១០៖៣០នាទី​​ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨​ នៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ​ (ផ្នែកកុមារ)​ មានការព្យាបាល​ក្មេង​ប្រុស ចំនួន​​០៣នាក់​ ដែលពុលថ្នាំអ្វីម្យ៉ាង ដោយទី១៖ឈ្មោះ​ ឆន​ ឆវិន​ ភេទប្រុស​ អាយុ​១០ឆ្នាំ, ទី២៖ឈ្មោះ​ សូ​ រតនា​ ភេទប្រុស​ អាយុ​៨ឆ្នាំ និងទី៣៖ឈ្មោះ​ សូ​ រិទ្ធី​ ភេទ​ប្រុស​ អាយុ​​៧ឆ្នាំ​។

ពួកគេទាំង​​៣នាក់​ មានអាស័យដ្ឋាន​ក្រុម២៣​ ភូមិ​​១​ សង្កាត់​​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ហើយត្រូវបានឪ​ពុក​ ម្តាយ​ យកទៅព្យាបាល​​ក្រោយពីឃើញ​សភាពក្មេងទាំង​០៣នាក់​ មានសភាពទន់​​រវ៉េករវ៉ក និយាយច្រើន​​ខុសពីធម្មតា ហើយពេលទៅដល់មន្ទីរពេទ្យ​​ក្រុមគ្រូពេទ្យជំនាញ បានចាក់ថ្នាំ​​ម៉ាក​ យ៉ាសុប៉ាម​ (​ថ្នាំងងុយដេក​)​ ម្នាក់​មួយម្ជុល​ និង​​ថ្នាំសុលគូថ​ ប្រហែល​​១ម៉ោងក្រោយមក​​បុគ្គលិក​អង្គការម្លប់តាប៉ាង​ ប្រចាំខេត្តព្រះសីហនុ​ បានទទួល​យកក្មេងទាំង​​៣​ពីពេទ្យទៅ​ស្នាក់ការ ដោយឲ្យញ៉ាំទឹកក្រូច​ និង​ចាក់ភ្លេងឲ្យរាំ​​ដើម្បី​សំរួលអារម្មណ៍ឲ្យឆាប់ស្វាង ហើយ​ប្រគល់ឲ្យឪពុកម្តាយ​ យកទៅផ្ទះវិញ​​រៀងៗខ្លួន​​។

របាយការណ៍ដដែលបានបញ្ជាក់ពីដំណើររឿងហេតុថា នៅវេលាម៉ោង​​០៨៖៣០នាទីព្រឹក​ ថ្ងៃទី២៧​ ខែ​​មេសា​ ឆ្នាំ​២០១៨​ នៅផ្ទះឈ្មោះ​ អ៊ឹម​ សារ៉ន​ ភេទ​​ស្រី​ អាយុ​៤៣ឆ្នាំ​ មុខរបរ​លក់ដូរ​ មានទីលំនៅក្រុម​​២៦​ ភូមិ១​ សង្កាត់​​៤​ ក្រុង​ព្រះសីហនុ​ មានក្មេង​ៗ​ចំនួន​៣-៤​នាក់​​អង្គុយញាំអី​ ក្រោយមក​ឈ្មោះ​ វ៉ន​ វុត្ថា​ ភេទ​​ប្រុស អាយុ​១៧ឆ្នាំ​ មានទីលំនៅ​​ក្រុម​២៣​ ភូមិ​១​ សង្កាត់​៤​ មុខរបរ​បុគ្គលិក​ក្លឹប​ ដែលមានទីតាំងស្ថិតក្នុងភូមិ​៣​ សង្កាត់​​៣​ ក្រុង​ព្រះសីហនុ​ ដែលមានថៅកែ​ជាជនជាតិចិន បានយកដបទឹក​ថ្នាំ​ ដែលចិនបោះចោលក្នុងធុងសំរាម​ យកមកលាយទឹកសុទ្ធ​ រួចពេលមកដល់ផ្ទះ​ ឈ្មោះ​ អ៊ឹម​ សារ៉ន ក៏ទិញទឹកក្រូច​ចាក់លាយ​​​ចែកក្មេង​ៗ៤នាក់ ដោយប្រាប់ថា​​ មកផឹកទឹកទំពាំងបាយជូ​ពេល​នោះក្មេង​ ​ឈ្មោះ​ គង់​ កយ​ ផឹកបានបន្តិច​ក៏ឈប់​ ដោយសារមានជាតិ​​ល្វីង និងក្មេង៣នាក់ផ្សេងទៀត (ឈ្មោះខាងលើ) ផឹកម្នាក់​អស់​២-​៣កូនកែវ​។

ពេលផឹករួចក៏នាំគ្នាដើរទៅ​​ផ្ទះ​ មួយសន្ទុះក្រោយមកក៏មានសភាព រវើរវាយនិយាយមិនដឹងអី និងទន់ដៃទន់ជើង ឯឈ្មោះ​ គង់​ កយ​ ពេលទៅដល់ផ្ទះរក​​អីហូប​​បន្ថែមក៏ស្វាងវិញទៅ​​មិនមានបញ្ហា។ ចំណែក​​៣នាក់​ទៀត​​យកទៅមន្ទីរពេទ្យសង្គ្រោះ​​។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជនសង្ស័យឈ្មោះ វ៉ន​ វុត្ថា​ ដែលបានយកថ្នាំនោះឲ្យក្មេងរងគ្រោះផឹក ត្រូវកម្លាំងនគរបាលជំនាញឃាត់ខ្លួន ដើម្បីទៅសួរលម្អិតអំពីករណីនេះ។ ដោយឡែកក្មេងរងគ្រោះទាំង៣នាក់ ក្រោយការសង្គ្រោះក៏មានសភាពដូចដើមវិញ ហើយត្រូវបានប្រគល់ជូនឪពុកម្ដាយ និងអាណាព្យាបាលយកត្រឡប់ទៅផ្ទះ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីដែលផ្អើលចែកចាយគ្នាពេញបណ្ដាញសង្គម Facebook ខាងលើនេះ អង្គភាព Fresh News នឹងផ្សាយព័ត៌មានលម្អិតជូនសាធារណៈជននៅពេលក្រោយទៀត៕