(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ មានការដាច់ចរន្តអគ្គិសនីចេញពីអនុស្ថានីយ ក្រុងព្រះសីហនុ ទ្វាចរន្តF2A ដែលមានទីតាំងស្ថិតនៅ​ ចំណតអូរត្រាវ ភូមិបាក់ត្រាង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមអគ្គិសនីកម្ពុជា មូលហេតុដែលនាំឲ្យមានដាច់ភ្លើងនេះ ដោយសារមានខ្យល់ភ្លៀងខ្លាំងបណ្តាលឲ្យរថយន្តសណ្តោងរអិលធ្លាក់ នៅចំណោតបិតត្រាង ហើយបោកប៉ះបង្គោលភ្លើង ខ្សែបណ្ដាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល។

ទោះជាយ៉ាងណា ក្រោយកើតមានករណីនេះ ក្រុមការងារបច្ចេកទេស បានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង​០៣៖៣៥នាទីរសៀលថ្ងៃដដែល។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏សូមការយោគយល់ និងអធ្យាស្រ័យ​ពីអតិថិជន ចំពោះការដាច់ចរន្តអគ្គិសនីនេះផងដែរ៕