(ព្រះវិហារ)៖ អតីតសមាជិកកណបក្សសង្រ្គោះជាតិ១៥០នាក់ នៅភូមិស្វាយដំណាក់ថ្មី និងភូមិស្វាយដំណាក់ចាស់ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានស្ម័គ្រចិត្តវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ​ ក្រោមវត្តមានលោកអ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ​។

លោក អ៊ុន ចាន់ដា ​បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនអតីតសមាជិកបក្សសង្រ្គោះជាតិ ដែលបានភ្ញាក់រលឹកវិលត្រឡប់មករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាវិញនៅពេលនេះ ហើយការចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូនអតីតបក្សសង្រ្គោះជាតិ គឺជាការរួបរួមគ្នា ការពារសុខសន្តិភាព ដៀម្បីកសាងប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លើសពីនេះ លោកអ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារចុះជួយស្រុករវៀង ពិសសលោក ពឹង ទ្រីដា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុករវៀង និងក្រុមការងារដែលបានខិតខំចុះជាប់នៅតាមមូលដ្ឋាន តាមរយៈការធ្វើអំពើល្អ និងការកសាងបាននូវសមិទ្ធផលផ្សេងៗ ជូនប្រជាពលរដ្ឋ ជាក់ស្តែងស្រប​ពេលប្រកាសបញ្ចូល សមាជិកអតីតសមាជិកបក្សសង្រ្គោះជាតិ ចំនួន១៥០នាក់ គឺបានធ្វើពិធីសម្ភោធអណ្តូងទឹកស្អាត ចំនួន៦អណ្តូង សម្រាប់ទុកឲ្យប្រជាពលរដ្ឋប្រើប្រើប្រាស់​។

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហាររូបនេះ បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋ ​អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិនេះ​ និងអាណត្តិក្រោយៗទៀត៕