(កំពង់ចាម)៖ មន្ដ្រីកងរាជអាវុធហត្ថ នៃ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ចំនួន៦៦នាក់ ក្នុងនោះមាន១៣នាក់ ត្រូវបានប្រកាសមុខងារ និង៥៣នាក់ ត្រូវបំពាក់ឋានន្ដរស័ក្ដិ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម។

ថ្លែងក្នុងពិធី​បូកសរុបលទ្ធផលការងារត្រីមាសទី២ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ បំពាក់ឋានន្ដរស័ក្ដិ, លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ​បានបញ្ជាឲ្យនាយ និងពលអាវុធហត្ថទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនិងចូលមកដល់ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានលើកឡើងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងចូលមកដល់ ដែលរយៈពេល នៃពិធីបុណ្យចូលឆ្នាំ៣ថ្ងៃ គឺបងប្អូនប្រជាពលរដ្ឋ បានដើរលេងកំសាន្តតាមរម្មណីយដ្ឋាននានា ឫក៏ជួបជុំគ្នា លេងល្បែងប្រជាប្រិយតាមទីប្រជុំជន និងវត្តអារ៉ាមជាដើម។

លោកថាដូច្នេះអ្វី ដែលជាតួនាទី និងភារកិច្ចរបស់ កងកម្លាំងប្រដាប់អាវុធ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺត្រូវការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។​

ជាមួយគ្នានេះ លោកមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ចាម ក៏បានផ្តាំផ្ញើ​ដល់នាយ និងពលអាវុធហត្ថ ដែលបានបំពាក់ឋានន្តរសក្ដិ និងបានប្រកាសមុខងារ នៅពេលនេះ ត្រូវខិតខំធ្វើការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ស្របតាមបទបញ្ជា និងវិន័យរបស់អាវុធហត្ថផងដែរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រកាស តែងតាំង ផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន នាយទាហានរង នាព្រឹកថ្ងៃនេះ មានការតម្លើងឋានន្តរស័ក្តិ ដល់មន្ត្រីអាវុធខេត្តកំពង់ចាមចំនួន៦៦នាក់, ផ្លាស់ប្តូរតួនាទីចំនួន១៣នាក់ និងបំពាក់ឋានន្ដរស័ក្ដិ៥៣នាក់ ក្នុងនោះអនុសេនីយ៍ឯក​០៦នាក់, អនុសេនីយ៍​ទោ០៦នាក់, អនុសេនីយ៍ត្រី០៥នាក់, នាយចំណង់១៤នាក់ និងព្រិន្ទបាលទោ២២នាក់។ ក្រោយបញ្ចប់ពិធីនេះ​​ លោកមេបញ្ជាការ ក៏បានរៀបចំពិធីទទួលទានបាយសាមគ្គី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ៕