(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលមានសិទ្ធិបោះឆ្នោត ហើយមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយនោះ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិជាពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនា នៃប្រទេសរបស់ខ្លួន។

ក្នុងសារលិខិតមួយដែលផ្ញើជូនជនរួមជាតិ នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឆ្លៀតក្នុងឱកាសនេះដែរ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត ហើយមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ឱ្យបាបគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនា នៃប្រទេសជាតិរបស់ខ្លួន»

ពាក់ព័ន្ធនឹងការអំពាវនាវនេះ បុរសខ្លាំងរបស់កម្ពុជា បានបន្តថា សម្រាប់ឆ្នាំថ្មីនេះ រដ្ឋាភិបាលនឹងខិតខំពុះពារគ្រប់បែបយ៉ាងជាបន្តទៀត ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំមូលបានសម្រេចកន្លងទៅ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទទឹងនឹងនេះ រាជរដ្ឋាភិបាលនឹងបន្តការធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិម្ឈការ និងសហវិម្ឈការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស កែលម្អប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាពខ្ពស់ ការលើកកម្ពស់ប្រព័ន្ធការពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំណង់ ផ្លូវ ស្ពាន ធារាសស្ត្រ ព្រមទាំងបង្កើនប្រភពថាមពលអគ្គិសនី ដើម្បីបន្តការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើនថែមទៀត៕