(រតនគិរី)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ បានចុះអង្កេតត្រួតពិនិត្យ នៅផ្សារបរកែវ និងផ្សារអូយ៉ាដាវ ដើម្បីពិនិត្យបន្លែសាច់ ផ្លែឈើ និងផលិតផលគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ។

មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញនៅផ្សារទាំងពីរខាងលើ នេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ ផ្លែឈើ មីលឿង សរសៃគុយទាវ ជ្រក់ស្ពៃ តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានដកហូតគ្រឿងភេសជ្ជៈមួយចំនួន ខូចគុណភាព និងហួសកាលបរិច្ឆេទ ដោយសរុបទាំងអស់ជាង១០០គីឡូក្រាម ។ ដោយបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដកហូតយកទុក ដុតកម្ទេចចោលនាពេលខាងមុខ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅនៅផ្សារបរកែវ និងអូយ៉ាដាវ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ យកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕