(ភ្នំពេញ)៖ អគ្គិភ័យដ៏កំណាចដែលបានលេបត្របាក់ផ្សារច្បារអំពៅ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បានបំផ្លាញតូបអស់ចំនួន៥៨៨តូប ក្នុងចំណោម១៤៤៧តូបនោះ ដែលគិតជាទឹកប្រាក់អស់ប្រមាណ៤លានដុល្លារអាមេរិក។ នេះបើតាមលោក គួច ចំណាន ប្រធានគណៈកម្មការធិកាផ្សារ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ។

ក្រោយមានគ្រោះអគ្គិភ័យនេះ ក្រុមអាជីវករ បានស្នើដល់សាលារាជធានីភ្នំពេញ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួយពន្លឿនការសាងសង់ដំបូលរួមជូនពួកគាត់។ ពេលនេះ ត្រូវបានលោក គួច ចំណាន បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងតែសស្រាក់សស្រាំយកគ្រឿងចក្រ ទៅកាយកម្ទេចកម្ទី ចេញពីតំបន់ឆេះ ដើម្បីប្រញ៉ាប់ប្រញាល់សាងសង់ដំបូល ជូនក្រុមអាជីវករឡើងវិញ តាំងពីថ្ងៃទី១៨ ខែមីនា ម្សិលមិញ ដែលដឹកនាំដោយលោក ថេង សុថុល អភិបាលរងខណ្ឌទទួលបន្ទុកផ្សារ។

បើតាមលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានលើកឡើងដែរថា ពេលនេះអាជ្ញាធរកំពុងតែធ្វើរបងហ៊ុព័ទ្ធទីតាំងកើតហេតុ ដើម្បីការពារសុវត្ថិភាព ក្នុងការជួសជុល ហើយ​​សម្រាប់ក្រុមអាជីវករ​​ដែលមានតូបមិនរងនូវការបំផ្លាញដោយអគ្គិភ័យនោះ ត្រូវអាជ្ញាធរអនុញ្ញាតឲ្យពួកគាត់ដំណើរការអាជីវកម្ម ដូចធម្មតាមិនការអាក់ខានអ្វីឡើយ។

​សូមបញ្ជាក់ថា អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យលើកនេះ នាយនគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ បានបញ្ជាក់ថា បណ្តាលមកឆ្លងចរន្តអគ្គិសនី (ទុស្សេ) ម្តុំតូបឈាងខាងកើតផ្សារ បង្កជាអណ្តាតភ្លើងឆេះតូបតគ្នាៗ ឡើងយ៉ាងសន្ធោសន្ធៅតែម្ដង។

នៅពេលកើតហេតុនោះ គេសង្កេតឃើញវត្តមានអភិបាលរាជធានីភ្នំពេញ លោក ឃួង ​ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចេញទៅជួយអន្តរាគមន៍ផ្ទាល់ផងដែរ៕