(ភ្នំពេញ)៖ សម្ព័ន្ធសហជីពជាតិ របស់លោក ហ្វា សាលី ដែលមានសមាជិករាប់ម៉ឺននាក់ នៅទូទាំងប្រទេស បានសម្តែងការខឹងសម្បា និងថ្កោលទោសដាច់អហង្ការ ចំពោះការលើកឡើងរបស់ លោកស្រី មួរ សុខហួរ​ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី ផ្អាកការទិញសម្លៀកបំពាក់ពីកម្ពុជា។

ញត្តិដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ សម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ទណ្ឌិត សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ក៏ធ្លាប់ថ្លែងនៅសភាអឺរ៉ុប ថាបើសភាអឺរ៉ុប បិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវបានភ្ជាប់ជាមួយនឹងលក្ខខណ្ឌហើយលោកបានបន្តថាទៀតថា បើសភាអឺរ៉ុបលូកដៃក្នុងរឿងនេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺមានតែថៅកែធំៗ មេឈ្មួញធំៗ ទៅវិញទេដែលប៉ះពាល់។

នៅក្នុងញ្ញាតិថ្កោលទោសដដែល បានឲ្យដឹងថា ការថ្លែងដដែលរបស់អ្នកស្រី មួរ សុខហួរ បែបនេះ គឺជាសារដ៏អាក្រក់សម្រាប់ ប្រជាជនកម្ពុជាទាំងមូលរួមមាន៖ កម្មការិនី កម្មករ អាជីវករ កសិករ ពលករ អ្នករត់កងបី តាកស៊ី។ល។ ដែលរស់នៅប្រកប និងពឹងផ្អែកលើវិស័យមួយនេះ ហើយបានធ្វើកម្មករ-កម្មការិនី ទូទាំងប្រទេសខកចិត្ត ខឹងសម្បារ​​​យ៉ាងខ្លាំងចំពោះការវិការ ចេតនា និងទង្វើរដែលនឹងបានកំពុងបំផ្លាញវិស័យមួយនេះឲ្យរលាយសាបសូន្យពីកម្ពុជា។

សម្រាប់បច្ចុប្បន្ននេះ កម្មករ កម្មការិនី បាននិងកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ជាមួយនឹងការទទួលបាននូវប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាល សហជីព អង្គការជាតិ អន្តរជាតិ សហាគមនអឺរ៉ុប ស្ថានទូតនានាប្រចាំកម្ពុជា បានខិតខំបន្តជំរុញ ពន្លឿន និងស្នើបន្ថែមនូវអ្វីដែលជាតម្រូវការចាំបាច់របស់បងប្អូនកម្មករ និងនយោជិត។

ក្នុងញ្ញាតិថ្កោលទោសដដែលនោះ សម្ព័ន្ធសហជីពជាតិ សូមអំពាវនាវ រំលឹកដាស់តឿនដល់លោក លោកស្រី អតីតតំណាងរាស្ត្របក្សប្រឆាំង ទាំងអស់មេត្តាជ្រាបថា បញ្ហានយោបាយ និងបញ្ហាឆ្នាំងបាយរបស់កម្មករ គឺសូមឲ្យចែកដាច់ដោយឡែកពីគ្នា កុំដោយសារតែវិបត្តិនយោបាយ របស់ខ្លួនជាប់គាំ ដោយះស្រាយមិនចេញ ធ្វើឲ្យកម្មករគ្មានការងារធ្វើ និងប្រជាពលរដ្ឋរាប់លាននាក់ បាត់បង់ប្រាក់ចំណូលដែលទទួលផល ពីវិស័យមួយនេះ និងបញ្ឈប់សកម្មភាព ស្នើដល់សហគមអឺរ៉ុប និងប្រទេសនានា ឲ្យផ្អាកការទិញពីកម្ពុជា និងសូមបញ្ឈប់ការយកកម្មមកធ្វើជាឈ្នាន់ បម្រើមហិច្ចតានយោបាយរបស់ខ្លួនដូចឆ្នាំ២០១៣កន្លងទៅទៀត៕