(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា ទីវត្តអារាមនៅពេលបច្ចុប្បន្ននេះ មិនមែនជាកន្លែងសម្រាប់សម្លាប់មនុស្សដូចកាលពីអតីតកាល ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតនោះទេ។

​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិក្សាមួយខ្នង ២ជាន់ មាន៦បន្ទប់ និងបុណ្យឆ្លងសមិទ្ធផលនានាស្ថិតនៅ ក្នុងវត្តប្រាសាទវដ្តី (វត្តត្បូង) ឃុំព្រែកដំបូង ស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា នាក្នុងអំឡុងសង្រ្គាមរបបប្រល័យពូជសាសន៍ ប៉ុល ពត បានយកទីវត្តអារាម ធ្វើជាកន្លែងសម្លាប់មនុស្ស ឬកន្លែងដាក់អាវុធ នេះគឺដោយសារតែអ្នកនយោបាយបានដើរខុសផ្លូវ ដែលបានដឹកនាំឲ្យកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្រ្គាម។

បើតាមលោក គួច ចំរើន ​ពេលនេះប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រទេសមានសុខសន្តិភាព ប្រជាជនអាចប្រកបមុខរបបចិញ្ចឹមជីវិ​ត ដោយមិនមានបញ្ហាអ្វីទាំងអស់​។

ជាមួយគ្នានេះ លោក​បានស្នើឲ្យប្រជាជនត្រូវចេះថែរក្សានូវសន្តិភាពនេះ ឲ្យបានដើម្បីបន្តរួមគ្នាក្នុងការកសាងប្រទេសមួយនេះ ឲ្យជឿនលឿនដូចប្រទេសដទៃទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក គួច ចំរើន ​បានអញ្ជើញពិនិត្យផ្លូវបេតុង ដែលជាអំណោយរបស់សម្តេច​តេជោ ហ៊ុន សែន ប្រវែង១៦គីឡូ​ ៧០០ម៉ែត្រ ឆ្លងកាត់៤ឃុំ ក្នុងស្រុកស្រីសន្ធរ​។​

សូមបញ្ជាក់ផងដែរថា ផ្លូវបេតុងនេះ កំពុងឈូសឆាយបានប្រវែង ៧០០ម៉ែត្រ ដោយឡែកចាក់គ្រួស បាន២០០ម៉ែត្រទទឹង នៃគ្រួសប្រវែង ៨ម៉ែត្រ ចំពោះបេតុងនឹងចាក់នៅថ្ងៃសុក្រ​សប្តាហ៍នេះ ដែលមានទទឹងមានប្រវែង ៧ម៉ែត្រ​៕​