(ភ្នំពេញ)៖ លោក ស៊ិន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់ខ្លួនថានឹងបន្តបន្ថែម​ជំនួយមកកាន់ប្រទេស​កម្ពុជាទៀត ដើម្បីអភិវឌ្ឍន៍ប្រទេស ដែលខ្លួនធ្លាប់បានជួយតាំងពីដើមមកនោះ។ ជំហររបស់លោក អាបេ ត្រូវបានស្តែងឡើងនៅ​ក្នុងលិខិតរបស់លោកផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសអបអរសាទខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ស៊ិន ហ្សូអាបេ បានរំលេចថា ប្រទេសជប៉ុនតែងតែនៅជាមួយប្រទេសកម្ពុជាក្នុងដំណើរការកសាងសន្តិភាព ការស្តារ និងកសាងប្រទេស​ឡើងវិញ។ ជាពិសេសកម្ពុជាជាប្រទេសដំបូងដែលជប៉ុន បានបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុន​មកចូលរួមថែរក្សាសន្តិភាព ហើយដែលនោះ គឺជាចំណុចចាប់ផ្តើមនៃគោល​នយោបាយរបស់ជប៉ុនក្នុងការចូលរួមថែរក្សាសន្តិភាពពិភពលោកយ៉ាងសកម្ម។

«មិត្តភាព និងទំនុកចិត្តត្រូវបានកសាងឡើងរវាងប្រទេសយើងទាំងពីរ តាមរយៈការចាប់ដៃគ្នា បោះជំហានរួមគ្នាឈានដល់ការសម្រេចបាននូវសន្តិភាព ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍរបស់កម្ពុជា»។ លោកនាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់បន្ថែម។

នៅក្នុងសារអបអរសាទរនៃចំណងការទូតនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានសម្តែងការអបអរសាទរស្មោះអស់ពីដួងចិត្តផងដែរ ចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់ជាមួយការគាំទ្រពីសហគមន៍អន្តរជាតិ និង បាននិងកំពុងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក ជាប្រទេសមួយដែលបាន​បញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ក្រៅពីការអបអរសាទរនូវភាពរីកចម្រើនរបស់កម្ពុជា និងបង្ហាញពីការរឹតចំណងទំនាក់ទំនងជាមួយកម្ពុជា​ឲ្យកាន់តែខ្លាំងក្លាទៅនាយក​រដ្ឋមន្ត្រី​នៃមហាអំណាច​សេដ្ឋកិច្ចលំដាប់ទី៣នៅលើពិភពលោករូបនេះ ក៏បានបញ្ជាក់ជំហរក្នុងការបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។

លោក អាបេ បានបញ្ជាក់យ៉ាងដូច្នេះ «តាមអ្វីដែលខ្ញុំបានប្រកាសកាលពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅប្រទេសជប៉ុននៅឆ្នាំមុន ប្រទេសជប៉ុនមានជំហរបន្តផ្តល់ការគាំទ្រការអភិវឌ្ឍបន្ថែមទៀតដល់កម្ពុជាតាមរយៈការបន្ថែមជំនួយក្នុងការកែលម្អឡូជីស្ទិកបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងមុខងារទីក្រុង»។

ក្នុងខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយប្រមាណជា ៨លានដុល្លារ សម្រាប់អភិវឌ្ឍន៍លើគម្រោងអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះទឹកប្រាក់៧លានដុល្លារផ្តល់ដល់រាជរដ្ឋាភិបាលកម្ពុជា និង១លានដុល្លារផ្សេងទៀត បានផ្តល់ដល់អង្គការសកម្មភាព​កម្ចាត់មីនជប៉ុន (JMAS) និងអង្គការ  World Vision Japan ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា។ នៅឆ្នាំ២០១៧កន្លងទៅនេះ ជប៉ុនបានផ្តល់ជំនួយប្រមាណ ៣១៩លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍លើគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។

ក្រុមមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយក្រោមការចោទប្រកាន់ថា ប្រព្រឹត្តទង្វើក្បត់ជាតិ ហើយកំពុងសម្ងំលាក់ខ្លួននៅ​ក្រៅ​ប្រទេសនោះ តែងតែធ្វើសកម្មភាពប្រឆាំងប្រយោជន៍ជាតិ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាល​ជប៉ុនផ្អាកការផ្តល់​ជំនួយអភិវឌ្ឍន៍មកប្រទេស​កម្ពុជា។ ជាពិសេសនៅពេលថ្មីៗនេះ កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា​ បានចោទសួររដ្ឋាភិបាលជប៉ុនផងដែរ រឿងផ្តល់ជំនួយ​ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

តាមការផ្តល់ជំនួយជាបន្តបន្ទាប់របស់រដ្ឋាភិបាលជប៉ុន និងការសារបង្ហាញភាពស្និទ្ធស្នាល និងគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពីសំណាក់នាយករដ្ឋមន្ត្រីជប៉ុន នាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលជប៉ុនកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ហើយមិនបាន​ស្តាប់​ការអំពាវនាវរបស់អតីតមេដឹកនាំបក្សប្រឆាំង និងកញ្ញា កឹម មនោវិទ្យា នោះឡើយ វាជាការទះកំភ្លៀង​យ៉ាងដំណំទៅលើក្រុមអ្នក​នយោបាយដែលបាត់បង់សិទ្ធិធ្វើនយោបាយ ក៏ដូចជាកូនស្រីលោក កឹម សុខា៕