(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញចុះពិនិត្យជាក់ស្តែងការស្ថាបនាស្ពានកោះប៉ែន នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលក្នុងដំណើររបស់សម្តេចទៅកាន់ទីនោះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅមណ្ឌលទី២ នាថ្ងៃស្អែក។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា ស្ពានកោះប៉ែនត្រូវបានដាក់ឲ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នយូរមកហើយ ហើយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នឹងត្រូវដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រប​ស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

លោកអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា «នៅល្ងាចមិញហ្នឹង​ សម្តេចពញាចក្រី ហេង សំហេង ក្នុងដំណើរមកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃស្អែកនេះ សម្តេចសល់ពេល ក៏ឆ្លៀតពេលអញ្ជើញទៅមើលស្ពានកោះប៉ែន ដែលកំពុងស្ថាបនាជិតហើយនោះ។ សម្តេចអញ្ជើញពិនិត្យមើលការរីកចំរើន នៅខេត្តកំពង់ចាមមួយជុំ រួចក៏ចុះដើរមើលស្ពាន និងធ្វើការកោតសរសើរចំពោះការរីកចំរើននៅទីនោះ និងកងវិស្វកម្មកំពុងស្ថាបនាស្ពាន។ ហើយក៏រាយការណ៍ជូនសម្តេច ចំពោះការដើរលេងកំសាន្តរបស់ភ្ញៀវទេសចរពេលចូលឆ្នាំចិន កន្លងមកនេះផងដែរ»៕