(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីសំណាក់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញាចោរប្លន់ចំនួន៣នាក់។ ដែលបានប្រើដាវធ្វើសកម្មភាពកាប់ទៅលើស្រ្តីម្នាក់ប្លន់យកម៉ូតូ១គ្រឿងកាលពី៦ថ្ងៃមុន។

ការចាប់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៥៥នាទីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ទី១ឈ្មោះ រឿង រ៉ន ហៅជាតិ ហៅឡេង អាយុ២៤ឆ្នាំ មុខរបរលីកាតុង ស្នាក់នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ។ ជននេះ គឺជាមុខសញ្ញាគាស់បន្ទប់ និងគាស់ផ្ទះយ៉ាងសកម្មរាប់ដងមិនអស់។ ទី២ឈ្មោះ អន ម៉េង ហៅពៅ អាយុ១៩ឆ្នាំ និងទី៣ឈ្មោះ ស៊ឹម បញ្ញា ហៅម៉ៅ អាយុ១៦ឆ្នាំ មុខរបរជាងប៉ះកង់រថយន្ត មានទីលំនៅក្នុងូមិអង្គកែវ សង្កាត់ចោមចៅ។

ចំណែកជនរងគ្រោះ ស៊ីម សុខឃីម អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សា មានទីលំនៅម្ដុំ ផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបាត់បង់ម៉ូតូម៉ាកហុងដា Zoomer X ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1GV-7475។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១និង៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រ្តីរងគ្រោះបានជិះម៉ូតូធ្វើដំណើរ មកពីខេត្តកំពង់ស្ពឺ ចូលភ្នំពេញតែម្នាក់ឯង។ លុះពេលទៅដល់ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ក៏ត្រូវបានក្រុមជនសង្ស័យខាងលើ ជិះម៉ូតូដេញតាមគំរាមកាប់ប្លន់ យកម៉ូតូជិះគេចខ្លួនបាត់តែម្ដង។

ពេលនោះជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ហើយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញាចោរប្លន់ចំនួន៣នាក់ ដោយដកហូតបានកាំបិត ដាវ ថ្នាំញៀន ព្រមទាំងសម្ភារមួយចំនួនទៀតផងដែរ៕