(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា បើរាប់គិតត្រឹមថ្ងៃទី៩ រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ «ពោលគឺរយៈពេល១២ថ្ងៃជាប់គ្នា» កម្លាំងអាជ្ញាធរសង្កាត់-ខណ្ឌពាក់ព័ន្ធ និងសមត្ថកិច្ច ជាច្រើននាក់ទូទាំងខណ្ឌ ដែលបានដាក់ចំនួន២គោលដៅពង្រាយកម្លាំង ទាំងយប់ទាំងថ្ងៃ នៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និងគោលដៅទី២ នៅចំណុចហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ដើម្បីធ្វើការស្ទាក់ឃាត់ត្រួតពិនិត្យរាល់រថយន្ដធុនធ្ងន់ធំៗ ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ «ស្តីអំពីការទប់ស្កាត់ និងចាប់រថយន្តតទ្រុង ដឹកលើសទម្ងន់កំណត់ខុសលក្ខណៈបច្ចេកទេស» សរុបចំនួន៣១៥គ្រឿង ក្នុងនោះបានរកឃើញរថយន្ដ មានលិខិតស្នាមត្រឹមត្រូវ២៦៥គ្រឿង បានអប់រំណែនាំ១៨គ្រឿង និងតទ្រុងត្រូវកាត់ធ្នឹមចេញ១១គ្រឿង។

លោក ជា ពិសី បានថ្លែងថា គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានបែងចែកជា៣ក្រុម ដឹកនាំដោយអភិបាលរងខណ្ឌ៣រូប រួមមាន៖លោក លីន ញ៉ក់, លោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ ដើម្បីដាក់វេនប្រចាំការត្រួតពិនិត្យលើរថយន្តល្មើស ដែលជាការអនុវត្តច្បាប់ និងបទបញ្ជារបស់តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបទល្មើស រថយន្តដឹកទំនិញធុនធំ យានយន្តកែច្នៃតម្លើងខុសបច្ចេកទេស ផ្ទុកទំនិញលើសកំរិតកំណត់ និងដឹកទំនិញសំពីងសំពោង។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានព្រមាន មិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើ ឲ្យខូចខាតដល់ផ្លូវ-ស្ពាន ដែលរាជរដ្ឋាភិបាល ខិតខំកសាងសង់យ៉ាងលំបាក៕