(ភ្នំពេញ)៖ ក្រោយពីទទួលជោគជ័យខ្លាំងនៅក្នុងការវិនិយោគរបស់ខ្លួន ក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមក ផ្សារទំនើបរបស់​ជប៉ុន AEON Mall គ្រោងនឹងបើកសម្ពោធសាខាទី២ នាពាក់កណ្តាលឆ្នាំ២០១៨ ខាងមុខ​នេះ។

ជាមួយគ្នានេះ ដែរ AEON បានប្រកាសជ្រើស​រើសបុគ្គលិកបន្ទាន់ ដើម្បីបម្រើការងារនៅក្នុងផ្សារទំនើបទី២​ ចំនួនជាង៤០០នាក់ នៅក្នុងវេទិកាការងារនាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ចាប់ពី​ម៉ោង៨៖០០ ដល់ម៉ោង៥៖៣០នាទីល្ងាច។ ដំណើរការជ្រើសរើសបុគ្គលិក​នេះ នឹងត្រូវសហការសម្របសម្រួល​ដោយ​រាជរដ្ឋាភិបាល ​តាម​រយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រៅពីផ្សារទំនើប AEON ក៏មានក្រុមហ៊ុនធំៗ៥ផ្សេងទៀតដូចជា ផ្សារទំនើប Makro, ក្រុមហ៊ុន Park Café, ក្រុមហ៊ុន គង់ នួន គ្រុប, ក្រុមហ៊ុន ONLINE និងក្រុមហ៊ុន GFG Investment ចូលរួមប្រកាសជ្រើសរើស បុគ្គលិកនៅក្នុងវេទិកាការងារនោះផងដែរ ដោយមានតម្រូវការបុគ្គលិកសរុបប្រមាណ៩០០នាក់។

លោក ប៉ុល សុវណ្ណរស្មី ប្រធានគ្រប់គ្រងធនធានមនុស្ស ផ្សារ AEON MALL បានឲ្យដឹងថា៖ «ផ្សារទំនើបAEON សព្វថ្ងៃមានបុគ្គលិកបម្រើការងារសរុបជិត៨០០នាក់ ហើយក្រុមហ៊ុន នឹងបើកសម្ពោធសាខាថ្មីជាផ្លូវការនៅពាក់​កណ្តាលឆ្នាំ២០១៨នេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនមាន​តម្រូវ​ការបុគ្គលិកឲ្យចូលបម្រើការនៅសាខាថ្មីជាង​៤០០នាក់។ កន្លងមក នៅពេលមាន​តម្រូវ​ការជ្រើសរើស​បុគ្គលិក ក្រុមហ៊ុនយើងតែងតែប្រើប្រាស់សេវាការងារ​សាធារណៈរបស់រដ្ឋតាមរយៈ NEA ដោយសារវាមានភាពងាយស្រួល មិន​គិតកម្រៃ និងទទួលបានបេក្ខជនមក​ដាក់ពាក្យច្រើន និងសុទ្ធសឹងតែមានសមត្ថភាព»

លោកឲ្យដឹងទៀតថា សម្រាប់​លើកនេះ ខុសពី​មុនបន្តិចដោយក្រុមហ៊ុនធ្វើការសម្ភាសតែមួយលើកប៉ុណ្ណោះ ពោលគឺជាប់ ឬធ្លាក់បេក្ខជននឹងបានដឹងក្រោយពេល​សម្ភាសន៍ចប់តែម្តង។ លោក រស្មី បានជំរុញដល់ សិស្ស/​និស្សិត ដែលចង់​ទទួលបានការងារនៅ AEON ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានស្អាត រៀបចំខ្លួន​ឲ្យបានល្អ ស្វែងយល់ពីមុខតំណែងអ្វី​ដែលខ្លួនចង់ដាក់ពាក្យ និងមកឲ្យទាន់ពេលវេលាជាដើម។

គួររំឭកថា ជារៀងរាល់ខែ NEA តែងរៀបចំវេទិកាការងារ និងសម្ភាសការងារ ដើម្បី​ជំរុញ​ឲ្យអ្នកស្វែងរកការ​ងារ ​ទទួលបានឱកាស​ការងារ និងជ្រើសរើសបុគ្គលិក​ស្របតាមតម្រូវការរបស់ទីផ្សារការងារ។ បើតាមតួលេខដែល​ទទួលបានពីទីភ្នាក់ងារជាតិមុខរបរ និងការងារបង្ហាញថាទីភ្នាក់ងារនេះធ្លាប់បាន​រៀបចំវេទិកាការរងារនៅ​តាម​មជ្ឈមណ្ឌលការងារទាំង១១​របស់​ខ្លួនប្រមាណ២០០ដងមកហើយ ដោយ​មានសិស្ស/និស្សិត និងអ្នកស្វែងរក​ការងារធ្វើសរុបចំនួនជិត៣ម៉ឺននាក់បាន​ចូលរួម ហើយអ្នក​ស្វែងរក​ការងារធ្វើចំនួនជាង១០,០០០ នាក់ បានទទួល​ការងារធ្វើតាមរយៈវេទិកាការងារទាំងនេះ។

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀប​ចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណង​ចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុង​វេទិកាការងាររៀងរាល់ខែ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់​មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័រ​របស់​ទីភ្នាក់ងារជាតិ​មុខរបរ​ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេខ្មែរ) ដោយ​ងាយ​ស្រួល៕