(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា តាមរយៈមហាសន្និបាតរយៈពេល៣ថ្ងៃ បានសម្រេចបញ្ចូលសមាជិកថ្មីនៃគណៈកម្មាធិការកណ្តាលសរុបប្រមាណ ៣៤២នាក់។ បូកសរុបទាំងសមាជិកបញ្ចូលថ្មីនេះ បានធ្វើឲ្យបក្សកាន់អំណាចនៅកម្ពុជាមួយនេះ មានសមាជិកគណៈកម្មាធិការកណ្តាលរហូតដល់ទៅ ៨៦៥នាក់។

គណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញផងដែរថា សមាជិកគណៈកម្មាធិការកណ្តាលរបស់ខ្លួន បានទទួលមរណភាពចំនួន ២២នាក់។

សូមបញ្ជាក់ថា ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ គឺជាថ្ងៃទីបីហើយ ដែលគណបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិចាស់ឆ្នាំ២០១៣-២០១៨ និងដាក់ចេញទិសដៅការងារ ក៏ដូចក្របខណ្ឌនយោបាយថ្មីសម្រាប់ឆ្នាំ២០១៨-២០២៣។

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន បានលើកឡើងថា មហាសន្និបាតរយៈពេល៣ថ្ងៃនេះ មានរបៀបវារៈសំខាន់ៗចំនួន៣ ដែលនឹងត្រូវពិនិត្យ ពិភាក្សា និងអនុម័ត។ របៀបវារៈទាំងនោះរួមមាន៖

១៖ ឆ្លង និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨។
២៖ ឆ្លង និងអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣។
៣៖ បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលមានរចនាសម្ព័ន្ធដឹកនាំរឹងមាំនៅកម្ពុជា ហើយបានដឹកនាំនាវាកម្ពុជាចាប់តាំងពីកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមចលនាខ្មែរអ្នកស្នេហាជាតិ ដែលដឹកនាំដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានោះ។

គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

គណបក្សប្រជាជនកម្ពុជា ធ្លាប់បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់ រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។

លើសមរភូមិប្រជាធិបតេយ្យនៃការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មក គណបក្សដ៏ធំនៅកម្ពុជាមួយនេះ បានចាក់ការបោះឆ្នោតតែម្តងគត់ នៅក្នុងឆ្នាំ១៩៩៣ ដែលជាដំណើរការ បោះឆ្នោតលើកដំបូងក្រោយកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាអាណត្តិទី២ នៃការបោះឆ្នោត គឺគណបក្សមួយនេះទទួលបាន ការគាំទ្រច្រើនលើសលុបឈានដឹកនាំរាជរដ្ឋាភិបាលតែឯងជាបន្តបន្ទាប់មក៕