(ភ្នំពេញ)៖ រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០​ ខែមករា ឆ្នាំ២០១៨ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដត្រួតពិនិត្យចំនួន១០៧,៥៣៦គ្រឿង រកឃើញយានយន្តល្មើស១៨,៧១៦គ្រឿង (ម៉ូតូ៦១ភាគរយ) ក្នុងនោះអប់រំ៦,២៥៧គ្រឿង និងផាកពិន័យ ១២,៤៥៩គ្រឿង (ម៉ូតូ៩២ភាគរយ)។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០​ ខែមករា ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួមចំនួន៥២,៩៨៥គ្រឿង អប់រំ១,៦០៦គ្រឿង និងផាក់ពិន័យចំនួន៩,៦៥២គ្រឿង។

របាយការណ៍ បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដ នៅរាជធានីភ្នំពេញ រយៈពេល២០ថ្ងៃដំបូង ក្នុងខែមករានេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន ១០,២៣២គ្រឿង ក្នុងនោះមានរថយន្តជិះបញ្ច្រាសទិស៧គ្រឿង ក្រៅពីនោះ គឺជាម៉ូតូ និងរ៉ឺម៉ក់ម៉ូតូកង់៣ ដែលមិនពាក់មួកសុវត្ថិភាព មិនពាក់កញ្ចក់មើលក្រោយ យានយន្តមិនមានស្លាកលេខ៕