(ភ្នំពេញ)៖ របាយការណ៍បង្ក្រាបករណីគ្រឿងញៀន របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅរយៈពេល២០ថ្ងៃដំបូង ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចអនុវត្តន៍ច្បាប់បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសរុបចំនួន ៤៣០ករណី ឃាត់ខ្លួនជនសង្ស័យ៩៩១នាក់ (ស្រី៨១នាក់)។

របាយការណ៍បានបញ្ជាក់ថា​ ក្នុងប្រតិបត្តិការបង្ក្រាបទាំង៤៣០ករណីនោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះចំនួន២៩០ករណី ឃាត់ខ្លួន៦៤៨នាក់ (ស្រី៦៧នាក់), ករណីប្រើប្រាស់១៤០ករណី ឃាត់ខ្លួន៣៤៣នាក់ (ស្រី១៤នាក់) និងអនុវត្តដីការបស់តុលាការ១៨ដីកា ឃាត់ខ្លួន១៨នាក់។

ក្នុងការបង្ក្របគ្រឿងញៀនរយៈពេល២០ថ្ងៃនេះ មន្ត្រីអនុវត្តន៍ច្បាប់បានរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង៤គីឡូក្រាម និង៩៥២កញ្ចប់, កញ្ឆាក្រៀមជាង១៥គីឡូក្រាម និង១៦,២៧០ដើម។

សូមជម្រាបថា នៅពេញ១ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ ប្រឆាំងគ្រឿងញៀន ដោយបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៨១៥២ករណី ឃាត់មនុស្ស១៧,៨៧៧នាក់ (ស្រី១,៥៨២នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ និងកញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥,៨១៥ដើម៕