(​ភ្នំពេញ​)៖ រឿងក្តី​វិវាទ​ដីធ្លី​ជា​យូរ​ឆ្នាំ​មួយ នៅតែ​មិនទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ បើទោះបីជា​តុលាការ​គ្រប់​ជាន់ថ្នាក់ បានសម្រេច​ឲ្យ​ភាគី​ម្ចាស់​ដី ឈ្នះក្តី​យ៉ាងណាក្តី ក៏​ភាគី​ម្ខាង​ទៀត មិន​ព្រម​អនុវត្តន៍​តាម​សេចក្តីសម្រេច​របស់​តុលាការ ដោយ​បន្ត​រស់នៅ​លើដី​របស់គេ មិន​ព្រម​រុះ​រើចេញ​នោះឡើយ​។​

រឿងក្តី​សុំ​ដី​រស់នៅ​បណ្តោះអាសន្ន ដល់ពេល​ម្ចាស់​គេ​ត្រូវការ មិន​ព្រម​ចាកចេញ​នេះ បានអូសបន្លាយ​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ សាលា​ឧ​ទ្ទ​រណ៍​និង​តុលាការ​កំពូល សុទ្ធតែ​បាន​កាត់ក្តី​ឲ្យ​ម្ចាស់​ដី​ឈ្នះ​។

​ភាគី​ម្ចាស់​ដី​ដែលមាន​ឈ្មោះ សោម មុន្នី ភេទ​ស្រី រស់នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ដោយឡែក​ភាគី​ដែល​សុំ​ដី​គេ​ស្នាក់នៅ ហើយ​មិន​ព្រម​រុះរើ​ចេញ​នោះ មានឈ្មោះ នង ស៊ុ​គ ភេទ​ស្រី អាយុ​៨៣​ឆ្នាំ និង​ឈ្មោះ ចេង ខន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ អោម ស៊ី​មាន អាយុ​៦៤​ឆ្នាំ ដែល​រស់នៅ​លើដី​ទំនាស់​ក្នុងភូមិ​បោះ​អ​ង្គុ​ញ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​យោងតាម​ដំណើររឿង សរសេរ​ក្នុង​ដីកា​របស់​តុលាការ​កំពូល​បាន​រៀបរាប់ថា​៖ ក្នុងអំឡុង​ឆ្នាំ​២០០០ ឈ្មោះ សោម មុនី (​ម្ចាស់​ដី​) បាន​ទិញ​ដី និង​ស៊ីទែន កុ​តឺ​ន័​រ ចំនួន​៤ និង​គល់ឈើ​បេង ចំនួន​៤ ពី​ឈ្មោះ ឡ ពន្លក ហៅ ឡ ស៊ី​ញ ដែលមាន​ទំហំ​៤០​ម៉ែត្រ​គុណ​៨៩,៥​ម៉ែត្រ ទីតាំង​ស្ថិតនៅ​ភូមិ​អង្កាញ់ ឃុំ​ព្រែក​ឯង ស្រុក​គៀនស្វាយ ខេត្តកណ្តាល (​កាល​មិន​ទាក់​កាត់​ចូលមក​រាជធានី​ភ្នំពេញ​) ក្នុងតម្លៃ​សរុប ២៥,០០០​ដុល្លារ​អាមេរិក ហើយ​បានធ្វើការ​កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិ​ពី​ភាគី​អ្នកលក់​ឲ្យ មក​អ្នកទិញ​ត្រឹមត្រូវ​តាមបែប​បទ នីតិវិធី​សុរិយោដី (​វិញ្ញាណ​ប​ត្រ​សំគាល់​ម្ចាស់ អចលនវត្ថុ​លេខ កណ ០០៩៧៩៥ ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០០១​។​

​នៅពេលដែល​ឈ្មោះ សោម មុនី ទិញ​ដី​ពី​ឈ្មោះ ឡ ពន្លក រួចហើយ ឈ្មោះ ឡ ពន្លក បាន​នាំ​ឈ្មោះ សោម មុនី ទៅ​ជួប​ឈ្មោះ នង ស៊ុ​គ (​អ្នករស់នៅ​លើដី​គេ​មិន​ព្រម​ចេញ​) ហើយ​ឈ្មោះ ឡ ពន្លក បាន​ប្រាប់​ឈ្មោះ នង ស៊ុ​គ ថា​គាត់​បាន​លក់​ដី​ឲ្យ​មក​ឲ្យ ឈ្មោះ សោម មុនី ហើយ ពេលនោះ នង ស៊ុ​គ បាន​ប្រាប់ថា ដី​ទំនាស់​នេះ​គាត់​សុំ​ឈ្មោះ ឡ ពន្លក ស្នាក់នៅ​បណ្តោះអាសន្ន​ទេ ដើម្បី​សុំ​ដាំ​បន្លែ​ដើម្បី​ចិញ្ចឹមជីវិត តែ​នៅពេល​ត្រូវការ​ពេលណា គាត់​នឹង​ចាកចេញ​ពី​ដី​នេះ​ភ្លាម​។​

​លុះដល់​អំឡុង​ខែកញ្ញា ឆ្នាំ​២០១០ ម្ចាស់​ដី ឈ្មោះ សោម មុនី បាន​ប្រាប់​ទៅ ឈ្មោះ នង ស៊ុ​គ ឲ្យ​ចាក​ចេញពី​លើដី​នេះ ព្រោះ​ត្រូវការ​ដី​នេះ​យកមកប្រើ​ប្រាស់​វិញ ស្រាប់តែ​ឈ្មោះ នង ស៊ុ​គ ពុំ​ព្រម​ចាកចេញ​ទេ មិនតែប៉ុណ្ណោះ​ឲ្យ​កូនៗ​របស់គាត់​សង់​ខ្ទម​ឈើ​បន្ថែម នៅ​លើដី​ទំនាស់​នេះ​ថែមទៀត ហើយ​បែ​ជា​ថា ភាគី​អ្នកទិញ​ដី​គាត់​ឈ្មោះ ឡ ពន្លក ពុំទាន់​បង់ប្រាក់​ឲ្យ​គាត់​គ្រប់​ចំនួន​ទៅវិញ​។ ទើប​ជំរុញ​ឲ្យ​ម្ចាស់​ដី ប្តឹងទៅ​តុលាការ​ដើម្បី​ឲ្យ​ដោះស្រាយ​ជូន​។​

​យោងតាម​ចម្លើយ សាក្សី របស់លោក​ស្រី សោម មុនី (​អ្នកឈ្នះ​ក្តី​) ដែល​ត្រូវជា​កូនបង្កើត កូនប្រសារ ដន្លង ក្មួយ ចៅ អ្នកភូមិ​ជិតខាង ចំនួន​៣៥​នាក់ រួមទាំង ចៅសង្កាត់ មេភូមិ របស់ នង ស៊ុ​គ និង ចេង ខន បាន​ឆ្លើយបំភ្លឺ​អំពី​ការពិត តាមរយៈ វីដេអូរ បញ្ជាក់ថា ឈ្មោះ នង ស៊ុ​គ និង ឈ្មោះ ចេង ខន បាន​លក់​ដី ពិតជា​ទទួល​មាសថ្លៃ​ដី គ្រប់​ចំនួន ពី​អ្នកទិញ ហើយ​យកទៅ ទិញ​ដី អ្នកជិតខាង និង​ចែក​កូនៗ ម្នាក់ៗ ៣-៥ ជី​មាស រួមជាមួយ​ភស្តុតាង ដទៃៗ​ទៀត ទើប​តុលាការ ទាំង​៣​ថ្នាក់ បានសម្រេច​ឲ្យ​ម្ចាស់​ដី ឈ្មោះ សោម មុនី ឈ្នះក្តី​។ ចំណែក​ឈ្មោះ ចេង ខន និង​គ្រួសារ បាន​រុះរើ​ផ្ទះ ចេញពី​ដី​ដែល​បាន​លក់ អោយមក ឈ្មោះ សោម មុនី ទៅ​ទិញ​ដី ផ្ទះ នៅ​ជិត​រោងចក្រ​ស្រា​បៀរ Tiger ក្រោយមកទៀត​ធ្លាក់ខ្លួន សង់​ខ្ទម នៅលើ​ចិញ្ចើមផ្លូវ (​ដី​ចំណី​ផ្លួ​វ​) ជិត​រោងចក្រ ជាច្រើន​ឆ្នាំ លុះដល់ ឆ្នាំ​២០១០ ត្រូវបាន យាយ នង ស៊ុ​គ ហៅ​អោយ​ចូលមក​នៅលើ​ដី ទំនាស់​វិញ​។​

​បន្ទាប់ពី​មក​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​គណៈកម្មការ ចម្រុះ​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ប៉ុន្តែ​ត្រូវបាន​ភាគី​ចាញ់ក្តី បាន​កេណ្ឌ​កម្លាំង ប្រជាពលរដ្ឋ​៣០​នាក់ មកពី​តំបន់​ផ្សេង មករា​រាំង​ការអនុវត្តន៍​នេះ ទើប​កម្លាំង​គណៈកម្មកា​រ លើក​ពេល​អនុវត្តន៍​សាលដីការ និង​ឲ្យ​ភាគី ចាញ់ក្តី​រុះរើ​ចេញ​ដោយ​ស្ម​គ្រ​ចិត្ត ដោយ​កំណត់ពេល ៣០​ថ្ងៃ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​រុះរើ​ចេញ​ដោយ​ស្ម​គ្រ​នោះទេ​។

​ម្ចាស់​ដី​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៩ ខែមករា ខាងមុខនេះ គណៈកម្មការ​ចម្រុះ​នឹង​ចុះ​អនុ​វតន៍​សាលដីកា របស់​តុលាការ​កំពុង​ជា​លើក​ទី​២ និង​ស្នើ​ឲ្យ​គណៈកម្មការ​អនុវត្តន៍​មាន​ប្រសិទ្ធភាព ចំពោះ​ករណីនេះ ព្រោះ​រូបគាត់​ខាតបង់​ច្រើនលុយ​ក៏​អស់​ដី​មិនទាន់បាន​គ្រប់គ្រង​ទៀត​៕​