(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាលចំនួន៤នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង រថយន្តតូច៣គ្រឿង, រថយន្ដកែច្នៃ១គ្រឿង និងរថយន្តធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, កត្តាយានយន្ដ និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថារយៈពេល២០ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៩៧លើក បណ្ដាលឲ្យមនុស្សស្លាប់១១៦នាក់ របួសធ្ងន់ចំនួន១៨៦នាក់ និងរបួសស្រាលចំនួន៧៨នាក់៕