(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងតែគ្រប់គ្រងនិងដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមានវ័យ ៦៦ ឆ្នាំហើយរហូតមកទល់នឹងពេលនេះ។ ជាគណបក្សដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា បក្សនេះតែងតែធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិនិង ប្រជាជននិងតែងតែវិវត្តខ្លួនជានិច្ចដើរស្របតាមការវិវឌ្ឍថ្មីៗរបស់ពិភពលោកនិងការចង់បានរបស់ប្រជាជន។ 

គណបក្សចាស់ទុំនិងប្រកបដោយបទពិសោធមួយនេះមានការរីកចម្រើនធំធាត់ជាលំដាប់ និងមានកំណើននៃសមាជិកគាំទ្រយ៉ាងច្រើន ដែលរហូតមកទល់នឹងដើមឆ្នាំ ២០១៨ នេះ គណបក្សប្រជាជនមានសមាជិកជិត៦លាននាក់។ តាមការគ្រោង ទុកនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៨ នេះ គណបក្សប្រជាជនកម្ពុជា ដែលពោរពេញទៅដោយធនធានមនុស្សប្រកបដោយសមត្ថភាពមួយនេះនឹង គ្រោងរៀបចំការបោះឆ្នោត ជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលបក្សរបស់ខ្លួននៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងរបស់ខ្លួន។ គណៈកម្មាធិការកណ្តាលគណបក្សដែលបច្ចុប្បន្ននេះមានសមាជិកចំនួន ៥៤៥រូប។

គេមិនទាន់ដឹងនៅឡើយទេថាតើនឹងមានការជ្រើសតាំងបន្ថែមសមាជិកប៉ុន្មាននាក់ទៀតចូលក្នុងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ ការបំពេញបន្ថែមសមាជិកថ្មីក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការកណ្តាលបក្សនេះ ត្រូវបានគេមើលឃើញថាធ្វើឡើងដើម្បី ទី១៖ ឆ្លើយតបទៅនឹងសភាពការណ៍ និងដំណើររីកធំធាត់ឥតឈប់ឈរនៃការគាំទ្ររបស់ពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។ ទី២៖ ការបន្តវេនដឹកនាំគណបក្សពីសំណាក់សមាជិកបក្សពីមួយជំនាន់ទៅមួយជំនាន់ថែមទៀត។ ទី៣៖ ពង្រីកនិងពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំង នូវកម្លាំងដឹកនាំរបស់គណបក្ស ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងថែមទៀតបម្រើជាតិនិងប្រជាពលរដ្ឋលើគ្រប់វិស័យ។ ទី៤៖ បញ្ចូលឈាមថ្មីដែលជាសមាជិកបក្សវ័យក្មេងប្រកបដោយថាមពលដើម្បីពង្រឹងកម្លាំងបម្រើនិងកសាងជាតិ។

ឈាមថ្មីជាសមាជិកបន្ថែមនៃគណៈកម្មាធិការកណ្តាលបក្សដែលនឹងបញ្វូលនៅថ្ងៃនេះត្រូវគេជឿថា នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំថែមទៀត ដើម្បី បន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំង និងការពារសន្តិភាព និងស្ថិរភាពនយោបាយ បានរឹងមាំ។ នៅក្នុងរយៈពេលកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំការសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហមប្រល័យ ពូជសាសន៍ ស្តារនិងកសាងជាតិមាតុភូមិឡើងវិញចេញពីគំនរផេះផង់ ឈាម និងទឹកភ្នែកឱ្យបោះជំហានទៅមុខប្រកបដោយមោទនភាព លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាច្រើនដងរួចមកហើយថា សន្តិភាព ស្ថិរភាពនយោបាយមានភាពរឹងមាំដំណើរការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យបន្តរីកចម្រើនក្នុងសន្ទុះដ៏ខ្លាំងក្លា ជាពិសេសដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបានពង្រឹងដើម្បីធានា ផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។
ប្រការនេះបានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវ នៃរាជរដ្ឋាភិបាលព្រមទាំងការចូលរួមដ៏សកម្មរបស់អង្គការចាត់តាំងគណបក្ស និងមន្ត្រីនៅគ្រប់ថ្នាក់ ដែលបាន ពុះពារអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ ប្រឈមនឹងការវិវឌ្ឍថ្មីៗនៃស្ថានការណ៍តំបន់ និងពិភពលោក និងការបង្កឡើងដោយក្រុមប្រឆាំង និងមជ្ឈដ្ឋានអគិតខាងក្រៅ គណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវបង្កើនកម្លាំងនិងត្រៀមខ្លួនគ្រប់ពេលទាំងអស់។ ដោយសារការគិតគូរគ្រប់ជ្រុងជ្រោយ និងមានយុទ្ធសាស្ត្រ និងផែនការការងារត្រឹមត្រូវ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋដើម្បីដឹកនាំប្រទេស ការពារសន្តិភាព និង ការអភិវឌ្ឍដែលកម្ពុជាមាន។ ដូច្នេះការបំពេញបន្ថែមសមាជិកថ្មី នៅក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការកណ្តាលបក្សនៅពេលនេះ គឺកាន់តែធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែខ្លាំងថែមទៀតនៅចំពោះមុខ បញ្ហាទាំងឡាយជាអាយុជីវិតរបស់ជាតិ និងផលប្រយោជន៍ប្រជាជន។

ឈាមចាស់រួមឈាមថ្មី បង្កើតថាមពលថ្មី និងជំនឿថ្មី នៅលើគោលដៅចាស់ គឺការបម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា!

ដោយ៖ ចៅចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៨