(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចចម្រុះ ដែលមានមន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបង នៃក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងសមត្ថកិច្ចពាក់ព័ន្ធប្រមាណ ២០នាក់ បាននិងកំពុងសហការគ្នាស្វែងរកសត្វដំរីញីមួយក្បាល ដែលបានឆ្លងពីប្រទេសថៃ កាត់ខេត្តបន្ទាយមានជ័យ កាលពីសបា្តហ៍មុន និងចុងក្រោយនេះត្រូវបានគេដឹងថា កំពុងមានវត្តមាននៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រុមមន្ត្រីទាំងនេះ បាននិងកំពុងធ្វើសកម្មភាពនៅតំបន់នោះផ្ទាល់ ដើម្បីតាមដានសត្វដំរីញីមួយក្បាលនោះ និងត្រៀមចាត់វិធានការចាំបាច់នានាដើម្បីគ្រប់គ្រងលើសត្វដំរីនោះក្នុងន័យអភិរក្សសត្វព្រៃ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់នោះ។

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ដែលកំពុងចុះប្រតិបត្តិការស្វែងរកសត្វដំរី ជាមួយមន្ត្រីពាក់ព័ន្ធនានា បានថ្លែងឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នេះថា ក្រុមកម្លាំងចម្រុះក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ បាននិងកំពុងតាមដានស្វែងរកដានសត្វដំរីនោះ ប៉ុន្តែរហូតមកទល់នឹងម៉ោង៨យប់នេះ នៅមិនទាន់អាចកំណត់ថា សត្វដំរីនេះមានវត្តមាននៅទីណាពិតប្រាកដនៅឡើយទេ ក្រោយពីយប់រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែមករា ប្រជាពលរដ្ឋនៅក្នុងភូមិគគីរ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានដេញសត្វដំរីនោះពីចម្ការរបស់ពួកគាត់ ហើយរត់ឡើងភ្នំនៅក្នុងតំបន់ភ្នំនោះ។

ខណៈកម្លាំងចម្រុះកំពុងតាមដានស្វែងរកសត្វដំរីញីមួយក្បាល ដែលបានបង្កឱ្យស្រ្តីម្នាក់រស់នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រងរបួសបាក់ឆ្អឹងចំនី ១០កាំ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោកប្រធានមន្ទីរ កត បូរ៉ាន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ ប្រសិនបើបានឃើញសត្វដំរីមួយក្បាលនោះ ត្រូវផ្តល់ដំណឹងដល់ក្រុមកម្លាំងចម្រុះ និងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ដោយកុំចូលទៅជិតសត្វដំរីនោះ ប្រសិនបើឃើញវា៕