(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ថ្លែងសុំមិនបញ្ចេញឈ្មោះបានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃនេះថា ការសម្រេចប្រកាស លើកបដាទាមទារឲ្យដោះលែងលោក កឹម សុខា, ការប្រកាសស្នើសុំឲ្យប្រជាពលរដ្ឋទូទាំងប្រទេស​ ចូលរួមទាមទារដោះលែងលោក កឹម សុខា, ការដាក់លិខិតទាមទារ ឲ្យមន្រ្តីពន្ធនាគារបញ្ជូនលោក កឹម សុខា មកកាន់សាលាឧទ្ធរណ៍ដើម្បីបើកសវនាការនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ដែលការប្រកាសទាមទារទាំងនេះ គឺជាផែនការក្នុងគោលបំណង ចង់បង្កភាពវឹកវរសណ្តាប់ធ្នាប់ នៅពេលបញ្ជូនលោក កឹម សុខា មកកាន់តុលាការ ដែលនឹងឈានទៅបង្កការផ្ទុះហឹង្សា។

មន្រ្តីជាន់ខ្ពស់ដដែលរូបនោះបានទម្លាយព័ត៌មានឲ្យដឹងទៀតថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៩៖០០នាទីព្រឹកម្សិលមិញ នៅស្នាក់ការគណបក្ស សង្រ្គោះជាតិ ខេត្តកំពង់ចាម មានកិច្ចប្រជុំជាមួយសមាជិកគណបក្ស ដោយបានដាក់ផែនការរៀបចំឲ្យអនុវត្ត គឺរៀងរាល់ថ្ងៃចន្ទមកជួបជុំគ្នានៅស្នាក់ការខេត្ត នៅទូទាំងប្រទេស វេលាម៉ោង០៨៖៣០នាទីហើយថតរូបបង្ហោះលើ Facebook។ គណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើញ្ញត្តិដាក់ថ្វាយព្រះមហាក្សត្រ លើករណីលោក កឹម សុខា ដោយយកតែក្រុមប្រឹក្សាជាប់ឆ្នោត។

ទោះបីប្រធានគណបក្សមានបញ្ហាក៏ដោយ តំណាងរាស្រ្តត្រូវបែងចែកជាទី២ក្រុម គឺក្រុមទី១ដឹកនាំ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ និងក្រុមទី២ ដឹកនាំដោយលោកស្រី មូរ សុខហួរ អនុប្រធានគណបក្ស ដើម្បីចុះពង្រឹងឲ្យបានគ្រប់២៥ខេត្ត-រាជធានីទូទាំងប្រទេស។

ជុំវិញបញ្ហានេះបណ្តាញព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីខាងអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាស្ថាប័នតុលាការថា តើមានការសម្រេចនឹងបញ្ជូនលោក កឹម សុខា មកកាន់សាលាឧទ្ធរណ៍ឬយ៉ាងណា ?

ការលួចទម្លាយប្រាប់ពីផែនការខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុម​មេធាវី​ការពារ​ក្ដី​លោក ​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​នេះ​ ដាក់​ពាក្យ​ស្នើសុំ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ឱ្យ​មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ នា​ពេល​សវនាការ​ នៅ​ថ្ងៃទី​២៦​ ខែ​កញ្ញាស្អែក​នេះ។​ ប៉ុន្តែ​លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង ​និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ ថ្លែង​ថា​ បើ​គ្មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ​ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី​ ពោលគឺ​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

លោក​ សំ​ សុគង់​ មេធាវី​ការពារ​ក្ដី​លោក ​កឹម​ សុខា​ ថ្លែង​ប្រាប់​ភ្នាក់ងារ​បណ្តាញ​ព័ត៌មាន​ Fresh News ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ឃុន​ លាង​ម៉េង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ អ៊ឹម​ សុផាត​ ជា​តំណាង​មហា​អយ្យការ​ ។

លិខិត​ស្នើ​សុំ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ចុះ​ហត្ថលេខា​ដោយ​មេធាវី​៧រូប​ បញ្ជាក់​ថា​ ក្រុម​មេធាវី​ ចង់​ឱ្យ​មាន​វត្តមាន​លោក ​កឹម​ សុខា​ នៅ​ចំពោះ​មុខ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដោយ​បាន​លើក​ហេតុផល​សំខាន់​ចំនួន​៣ចំណុច​ ដើម្បី​ចៀសវាង​ប៉ះពាល់​ផលប្រយោជន៍​ស្របច្បាប់​របស់​កូន​ក្ដី​។

អគ្គ​លេខា​ធិការ​រង​ និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​លោក​ ទូច​ ថារិទ្ធិ​​ ថ្លែង​ថា​ តាម​ស្មារតី​សាលាឧទ្ធរណ៍​គឺ​ចង់​ឱ្យ​មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​សវនាការ​ នា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ខាងមុខ​នេះ​។​ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ​ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី​ ពោលគឺ​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

លោក​ ទូច​ ថារិទ្ធិ​ បន្តថា​ ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ សុវត្ថិភាព​ របស់​ជនត្រូវចោទ​ កឹម​ សុខា​ គឺ​ជា​សមត្ថកិច្ច​របស់​អគ្គនាយក​ពន្ធនាគារ​ ជា​អ្នក​ទទួល​ខុសត្រូវ​ ហើយ​ការ​សួរ​ដេញដោល​នេះ​គឺ​ពុំ​ចាំបាច់​ចំពោះ​មុខ​ទេ​ ដែល​អាច​ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ អាច​សម្រេច​អំពី​ការ​ឱ្យ​នៅ​ក្រៅ​ឃុំ​ ឬ​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន​។

គួរ​បញ្ជាក់​ថា​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ស្អែក​នេះ​ នឹង​បើក​សវនាការ​បណ្តឹង​របស់​ក្រុម​មេធាវី​ ដែល​ប្តឹង​ប្រឆាំង​​នឹង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ចោទ​បទល្មើស​ «ក្បត់​ជាតិ​»។​

សូមជំរាបថា លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​ «សន្និដ្ឋិភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ​​៕