(កំពង់ចាម)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធផងដែរ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍជនបទ ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន មានដូចជា៖ សាលាឆទាន, ផ្លូវបេតុង, ទំនប់បង្ហៀរ, លូប្រអប់។ល។ គិតមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់បាន១០០ ភាគរយហើយ។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានឲ្យដឹងដែរថា បន្ទាប់ពីអញ្ជើញពិនិត្យសមិទ្ធផលខាងលើ អភិបាលខេត្តកំពង់ចាម និងសហការី បានបន្តអមដំណើរសម្ដេចវិបុលសេនាភក្តី អញ្ជើញចុះសួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើត របស់សម្ដេច នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន។

ជាមួយគ្នានោះដែរ សម្ដេចវិបុលសេនាភក្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តចូលរួមការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីវីរុសកូវីដ-១៩ កុំឲ្យបន្តកើតមាននៅក្នុងសហគមន៍៕