(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកស្រី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីសា្នក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំបូរ និងជាសមិទ្ធិផលទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដែលចំណាយថវិកាអស់ជាង៣ម៉ឺនដុល្លារ។

នៅក្នុងឱកាសនោះ លោក វ៉ា ថន ដែលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចះ បាននាំនូវការផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋជានិច្ច និងបានបញ្ញាក់ជូនសមាជិក សមាជិកា អំពីប្រវត្តិ តួនាទី របស់កាកបាទក្រហម ដែលជាជំនួយការឲ្យអាជ្ញាធរសាធារណៈ និងបានសំណូមពរឲ្យមន្រ្តីអនុសាខាខិតខំ ធ្វើការឆ្លើយយតបកាន់តែមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។

លោក វ៉ា ថន បានបញ្ជាក់បន្ថែមពីទឹកចិត្ត នៃការបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងការសាងសង់អាគារនេះឡើង ដើម្បីពន្លឿនក្នុងកិច្ចប្រតិបត្តិការការងារ មនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របនឹងពាក្យស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

ទាំងអស់នេះ បានឆ្លុះបញ្ជាំងអំពីសមានចិត្តដ៏ជ្រះថ្លាគាំទ្រខ្លាំងក្លាដល់សកម្មភាពកាកបាទក្រហម ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារមនុស្សធម៌ ជួយគាំទ្រដល់វិស័យសង្គមកិច្ច រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពិសេសសម្តេចបានជំរុញ និងបង្កលក្ខណៈដល់ថ្នាក់សាខា-អនុសាខា អនុវត្តឲ្យបានស៊ីជម្រៅនៅតួនាទី ភារកិច្ចជួយសង្រ្គោះប្រជាជន នៅមូលដ្ឋានឲមានប្រសិទ្ធភាពជាប្រចាំ។

លោកបានជម្រាបពីការរីករាលដាលពីជំងឺកូវីដ១៩ ដោយបានឲ្យប្រជាពលរដ្ឋ និងមន្ដ្រីទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ចូលរួមអនុវត្តនូវវិធានការ «៣ការពារ ៣កុំ និង២ចូលរួម» ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោក សូម សារិទ្ធ អភិបាលស្រុកសំបូរ បានឲ្យដឹងថា ថវិកាចំណាយលើការងារអគារអនុសាខានេះ ក្នុងនោះថវិកាផ្ទាល់របស់លោក វ៉ា ថន និងភរិយា ចំនួន២៥,០០០ដុល្លារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចំនួន៦,៥០០ដុល្លារ។

ក្នុងឱកាសនោះ សម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្ពោធ ចំនួន៧០នាក់ ទទួលបាននូវ ការឧបត្ថម្ភសាប៊ូ១ដុំ និងថវិកា ៣០០០០រៀល ក្នុងម្នាក់ៗផងដែរ៕