(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ ការថ្លែងរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសអញ្ជើញចូលរួមក្នុងទិវាជាតិបរិស្ថាន និងទិវាបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ជីវចម្រុះ និងសុខភាពមនុស្ស» នៅបរិវេណសួនច្បារក្រុងសំរោង។

លោក ប៉ែន កុសល្យ បានថ្លែងថា មួយរយៈនេះខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ជាបន្តបន្ទាប់ ហើយបើគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន៩៦នាក់ ដែលអ្នកជំងឺកូវីដ១៩ទាំងនោះ ភាគច្រើនជាពលករមកពីប្រទេសថៃ និងមួយចំនួនទៀត គឺឆ្លងក្នុងសហគមន៍។ តែមានអ្នកព្យាបាលជាសះស្បើយចំនួន២៧នាក់ កំពុងសម្រាកព្យាបាលចំនួន៦៩នាក់ ហើយអាជ្ញាធរក៏បានបិទខ្ទប់បណ្តោះអាសន្ន ទីតាំងអាជីវកម្ម និងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានទទូចស្នើសុំឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទាំងអស់ សូមកុំភ្លេចនូវវិធានការ៣កុំ និងបីការពារ៖
* ត្រូវអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំ
១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។
២៖ ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។
៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

* ត្រូវអនុវត្តវិធានការ ៣កុំ៖
១៖ កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក។
២៖ កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា។

ទាក់ទងនឹងទិវាបរិស្ថានដែលត្រូវប្រារព្វនៅពេលនេះ លោក ប៉ែន កុសល្យ បានបញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន។

បន្ថែមពីនេះ សំដៅលើការលើកកម្ពស់សុខភាពសធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព និងការបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត គ្រឹះស្ថានសិក្សាឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ឲ្យចូលរួមទាំងស្មារតី និងសម្ភារៈក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងការលំអរគុណភាព សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិ ស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ សហគ្រាសទីផ្សារ និងមណ្ឌលកំសាន្ត។

លោក ប៉ែន កុសល្យ បានជំរុញឲ្យអាជ្ញាធរ រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ សូមចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជំរុញការចូលរួមក្នុង ការធ្វើអនាម័យ ការដាំដើមឈើ និងការគ្រប់គ្រង ការទុកដាក់ និងវេចខ្ចប់សំណល់រឹងសំរាម ក្នុងធុងសំរាម ឬនៅតាមទីតាំងកំណត់ឲ្យបានត្រឹមត្រូវ ជៀសវាងការដុត ឬបោះចោលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការប៉ះពាល់ដល់សុខភាពសត្វ មនុស្ស និងចូលរួមផ្សព្វផ្សាយអំពីគុណតម្លៃបរិស្ថាន និងគោលនយោបាយសំខាន់ៗពាក់ព័ន្ធ នឹង វិស័យបរិស្ថានដល់សាធារណជន ដើម្បីបង្កើនការយល់ដឹង និងបំផុសការចូលរួមរបស់សាធារណជន ក្នុងកិច្ច គាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព៕