(ឧត្តរមានជ័យ)៖ យ៉ាងណោចណាស់មានប្រជាពលរដ្ឋខ្មែរចំនួន ៣៦នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយជាប់ពន្ធនាគារ ពីបទឆ្លងដែនចូលកាប់ឈើគ្រូញូងដោយខុសច្បាប់។

បើតាមរបាយការណ៍របស់នគរបាលស្រុកអន្លង់វែង បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង០៣៖១៥នាទីរសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២០នេះ អាជ្ញាធរប្រទេសថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន២៥នាក់ ត្រឡប់មកវិញ ដែលត្រូវទាហានថៃ ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង តាមចំណុចច្រកអូរស្វាយ វាលខ្សាច់ និងបានយកទៅឃុំខ្លួន នៅខេត្តសុីសាកេត។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្មែរទាំង ២៥នាក់នេះ គឺមាន២០នាក់ រស់នៅខេត្តឧត្តរមានជ័យ, ២នាក់ រស់នៅខេត្តកំពង់ស្ពឺ, ម្នាក់់រស់នៅខេត្តកំពត, ម្នាក់រស់នៅខេត្តព្រះវិហារ និងម្នាក់ទៀត រស់នៅខេត្តក្រចេះ។

ដោយឡែកនៅវេលាម៉ោង៣៖០៩នាទីថ្ងៃទី១៦ ខែកញ្ញា ដដែល ភាគីថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន១១នាក់ បន្ថែមទៀតដែលជាប់ពន្ធនាគារនៅខេត្តនគររាជសីម៉ា រយៈពេល២ឆ្នាំ ត្រូវបានបញ្ជូនតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

បន្ទាប់ពីបានវាស់កំដៅរកជំងឺកូវីដ-១៩ និងលាងសម្អាតដោយទឹកអាល់កុលពីមន្ត្រីចត្តាឡីស័កប្រចាំច្រកទ្វារួចមក សមត្ថកិច្ចបានអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត៕