(ភ្នំពេញ)៖ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជាស្នាក់ការកណ្ដាល ទទួលបានថវិកាឧបត្ថម្ភពីមានសប្បុរសជនជាតិ-អន្ដរជាតិ គ្រប់មជ្ឈដ្ឋានចំនួន ១០,៦៦៩,២៦២ដុល្លារ ក្នុងឱកាសអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០នេះ ដែលធ្វើឡើង ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

ការថ្លែងបែបនេះ របស់លោកស្រី បានធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ស្តីពី «វឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ២០១៩-២០២០ និងដាក់ទិសដៅការងារ» ដែលព្រឹត្ដទៅនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងបន្ដថា ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

ប៉ុន្ដែឆ្នាំនេះ ដោយក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងខិតខំប្រឹងប្រែងគ្រប់គ្រង ផលប៉ះពាល់ពីជំងឺកូវីដ-១៩ (Covid-19) មកលើសង្គម និងសេដ្ឋកិច្ចជាតិ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្អាកការប្រារព្ធមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបលើកទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃ ៨ ឧសភា ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ទោះបីជាមិនមានការរៀបចំពិធី ដើម្បីអបអរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី ក៏កាកបាទក្រហមកម្ពុជា នៅតែបន្តកៀរគរមូលនិធិ និងស្វាមគមន៍ ការចូលរួមជាវិភាគទានពីសំណាក់ សប្បុរសជន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដូចធ្លាប់បានធ្វើកាលពីឆ្នាំកន្លងទៅទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា «ដូច្នេះគិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បានទទួលថវិកាឧបត្ថម្ភពីសប្បុរសជន សរុបចំនួន ១០,៦៦៩,២៦២ដុល្លារ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបន្ដជួយគាំទ្រកាកបាទក្រហមកម្ពុជា ទោះឋិតនៅក្នុងស្ថានភាពជំងឺកូវីដ១៩ក៏ដោយ»

«បើប្រៀបធៀបនឹងឆ្នាំ២០១៩ ថវិកានេះ បានត្រឹមតែពាក់កណ្ដាលឆ្នាំមុន ដែលទទួលបានសរុប ១៩,៨៨៨,៥៧៨ដុល្លារ តែបើប្រៀបធៀបនឹងទឹកចិត្ដសប្បុរសធម៌ និងស្ម័គ្រចិត្ដ ក្នុងការចូលរួមចែករំលែករបស់បងប្អូន ពិតជាគួរឱ្យគោរពស្ងប់ស្ងែងយ៉ាងជ្រាលជ្រៅ ព្រោះថា សប្បុរសជនយើង មួយចំណែកទៀត ក៏បានចូលរួមបរិច្ឆាគថវិកាក្នុងមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាយើង ហើយមួយចំណែកទៀត បន្ដជួយដល់ឧបត្ថម្ភគាំទ្រ ដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពជួយដល់បងប្អូនប្រជាពលរដ្ឋយើង»។

ក្នុងឱកាសនោះ លោកស្រីបានគោរពថ្លែងអំណរអរគុណដល់សប្បុរសជន ដែលជួយគាំទ្រដល់កាកបាទក្រហមកម្ពុជា បន្ដសកម្មភាពរបស់ខ្លួន ក្នុងការចាត់ចែងប្រើប្រាស់ថវិកា បន្ដជួយដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងការបន្ដយុទ្ធនាការជាមួយរាជរដ្ឋាភិបាល ក្នុងវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានរលកទី២ ឬឆ្លងរាលត្បាតនៅក្នុងសហគមន៍៕