(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់ការប្រកួត SEA Game’s 2023 បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា មន្ត្រីជំនាញនៃក្រសួងព័ត៌មាន ដែលជាអនុប្រធាន សមាជិក គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់ការប្រកួត SEA Game’s 2023។

លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់ការប្រកួត SEA Game’s 2023 បានធ្វើបទបង្ហាញពីការងារសំខាន់ៗទាក់ទងនឹងដំណើរការរៀបចំការប្រកួតកីឡា SEA Game’s 2023 ក្នុងនោះផ្តោតសំខាន់លើកិច្ចការងារព័ត៌មាន និងការថតផ្សាយពីគ្រប់ទិដ្ឋភាពនៃការប្រកួត កីឡាទាំងអស់ដែលមាន ក្នុងកម្មវិធី។

គួរបញ្ជាក់ដែ រថាគណៈកម្មការនេះមានការកិច្ចចាត់ចែង ដឹកនាំ និងទទួលខុសត្រូវលើវិស័យព័ត៌មានផ្សព្វផ្សាយ និងសម្របសម្រួលការងារពាក់ពន្ធ័ នានាវិស័យព័ត៌មាន សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លើកគម្រោងចំណាយទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ដំណើរការអនុវត្តគម្រោងលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ និងការផ្តល់សេវាជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ-ផ្តល់សម្ភារៈ បរិក្ខារ ឧបករណ៍ និងឧបត្ថម្ភ ថវិកាដល់អនុគណៈកម្មការទាំង៣ និងលេខាធិការដ្ឋាន ដើម្បីរៀបចំដំណើរការការងាររបស់ខ្លួនបាន ទទួលជោគជ័យ។

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៏លើកឡើថថា ចាប់ពីពេលនេះទៅ ក្រសួងព័ត៌មាន បានត្រៀបរៀបចំបែងចែករាល់ភារកិច្ចការងារ ដែលពាក់ពន្ធ័ក្នុងដំណើរការរៀបចំ ការប្រកួតកីឡា SEA Game’s 2023 ដើម្បីមានបង្ករភាពងាយស្រួលក្នុងការបំពេញរាល់កិច្ចការងារឱ្យដំណើរការទៅដោយរលូន ជាពិសេសការត្រៀមនូវរាល់មូលដ្ឋានសម្ភារៈ បច្ចេកទេស ថតផ្សាយឱ្យបានល្អ ព្រោះថា នៅក្នុងដំណាក់កាលនោះត្រូវប្រើប្រាស់ កាមេរា ប្រភេទ8K ដែលមានរូបភាពច្បាស់ល្អជាងគេង ហើយក៏ស្របជាមួយនឹង ការដែលក្រសួង ព័ត៌មាន ធ្វើការផ្លាស់ប្តូរប្រពន្ធ័ ផ្សាយ ទូរទស្សន៍ពីអានណាឡូក ទៅ ឌីជីថល ដែលមាន គុណភាពខ្ពស់ច្បាស់ត្រជាក់ភ្នែក៕