(ភ្នំពេញ)៖ សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាផ្លូវការរបស់ខ្លួន ប្រមាណជា២៣០៩៤៨ តោន មានកំណើនជាង៣៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែមេសានេះ។

សហព័ន្ធស្រូវអង្ករបញ្ជាក់ទៀតថា នៅក្នុងរយៈពេល៣មកនេះ ទិសដៅនាំចេញអង្ករសំខាន់របស់កម្ពុជា មានទៅកាន់ប្រទេសចិន៤៤% ស្មើនឹង ១០១,៣៤៥តោន, សហគមន៍អឺរ៉ុប ជាង៣០% ស្មើនឹង ៧០,០៤០តោន, ប្រទេសនៅក្នុងអាស៊ាន ជាង១២% ស្មើនឹង ២៨,៧៩៩តោន ហើយនឹងនៅតាមបណ្តាប្រទេសផ្សេងទៀត បាននាំចេញជិត១៤% ស្មើនឹង ៣០,៧៦៤តោន។

សម្រាប់ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០ មានបរិមាណចំនួន ៩៤,៤៤៩តោន គឺមានកំណើនជិត១០% ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នាក្នុងឆ្នាំ២០១៩វិញ ឃើញថាមានកំណើននាំចេញរហូតដល់៦២% ស្របពេលដែលខែមីនា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ៥៨,៣៣៥ តោនតែប៉ុណ្ណោះ៕