(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអមដំណើរពីលោក ផេង សិទ្ធី អភិបាលក្រុង និងតំណាងសប្បុរសជនលោក តាន់ សុផល នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ បានបន្តនាំអំណោយសប្បុរសជនជាថវិកា ៤លានរៀល និងអង្ករចំនួន១.៥តោន ចែកដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

លោក ងួន រតនៈ បានឱ្យដឹងថា នេះជាលើកទី ៣ហើយ ដែលអាជ្ញាធរខេត្ត និងសប្បុរសជននានាក្នុងខេត្ត បានផ្តល់អំណោយមានជាសម្ភារ គ្រឿងភេសជ្ជៈ ទឹកសុទ្ធ អង្ករ និងថវិកាយកមកចែកជូន ដល់មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ទ្រទ្រង់សភាពការណ៍ទាំងអស់គ្នា ជាពិសេសក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចប្រយុទ្ធប្រឆាំងការពារការរាតត្បាត និងព្យាបាលអ្នកជំងឺ COVID-19 មួយចំនួនដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។ ដោយឡែកថ្ងៃនេះ បានប្រគល់អំណោយសប្បុរសជនប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្ត មានអង្ករ ១.៥តោន និងថវិកាចំនួន ៤លានរៀល។

លោកអភិបាលខេត្ត បានបញ្ជាក់ថា អ្នកជំងឺ COVID-19 ចំនួន ៨នាក់ តែបានជាសះស្បើយ ៣នាក់ បានចេញទៅផ្ទះវិញ រស់នៅក្នុងសហគមហើយ នៅសល់តែ ៥នាក់ទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងនៅឡើយ ហើយក៏នឹងឈានទៅរកការជាសះស្បើយឆាប់ៗ នេះផងដែរ។

លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ក៏សូមថ្លែងអំណរគុណដល់លោកអភិបាលខេត្ត និងសប្បុរសជននានា ក្នុងខេត្តែងតែបានជួយឧម្ថមជាសម្ភារ គ្រឿងភេសជ្ជៈ ទឹកសុទ្ធ អង្ករ និងថវិកាយកមកចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្តជាបន្តបន្ទាប់រហូតមក។ ក្នុងនាមមន្រ្តីជំនាញ គឺយកអំណោយដែកបានចែកជូនយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងចាំបាច់បំផុតក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺ COVID-19 បានថយចជាលំដាប់ប្រកបដោយជោគជ័យឆាប់ៗ ខាងមុខនេះ ផងដែរ៕