(កណ្តាល)៖ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ លោក ឈឹម សារ៉េត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកំពង់ចំលង និងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានដឹកនាំសមាជិក និងសមាជិកាក្រុមការងារ ចុះចែកក្រមា និងសាប៊ូដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោក ឈឹម សារ៉េត បានដឹកនាំក្រុមការងារ ចុះចែកក្រមាចំនួន៥១២ និងសាប៊ូចំនួន៥១២ដុំ ជូនគ្រួសារក្រីក្រ ចំនួន២៥៦គ្រួសារ នៅឃុំកំពង់ចំលង និងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ១គ្រួសារ ទទួលបានក្រមាចំនួន២ និងសាប៊ូចំនួន២ដុំ។ លើសពីនោះទៀត លោកក៏បានឧបត្ថម្ភអាកុល ចំនួន៧កាន តាមភូមិនីមួយៗផងដែរ។

លោក ឈឹម សារ៉េត បានណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមចលនាបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នូវទូទាំងពិភពលោក តាមសេចក្ដីណែនាំ ក្រសួងសុខា ភិបាល និងស្របតាមស្មារតី នៃសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមិនត្រូវមើលរំលង ក្នុងការថែទាំសុខភាពឡើយ ហើយក្នុងករណី មិនស្រួលខ្លួនសង្ស័យ បានឆ្លងជំងឺកូវីដ-១៩ សូមទាក់ទង ទៅអ្នកដែលផ្តល់សេវាសុខភាព ឬមន្ទីរពេទ្យ ដើម្បីទទួលបានការណែនាំ និងផ្តល់ព័ត៌មាន។

ជាមួយគ្នានោះ លោក ឈឹម សារ៉េត ក៏សូមឲ្យបងប្អូនប្រជាជនទាំងអស់ ចូលរួមធ្វើអនាម័យ ដោយលាងសម្អាតដៃ នឹងសាប៊ូជាប្រចាំ ឲ្យបានទៀងទាត់ និងពាក់ម៉ាស, ពាក់ស្រោមដៃជាប្រចាំ ដើម្បីថែរក្សា នូវសុខភាព ឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាជាងព្យាបាល គឺត្រូវតែស្អាត និងមានអនាម័យជានិច្ច «ការពារខ្លួនយើង ក៏ដូចការពារក្រុមគ្រួសារយើងផងដែរ»។

ចំពោះប្រជាពលរដ្ឋ ដែលទើបត្រឡប់ពីក្រៅប្រទេស លោក ឈឹម សារ៉េត បានស្នើឲ្យនៅដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ដើម្បីចូលរួមការពារ និងទប់ស្កាត់អំពីបញ្ហា នៃការរីករាលដាលនៃជំងឺ COVID-19 តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាស្របតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន៕