(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី របស់ឧកញ៉ា លី ហួរ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការបំលែងខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។

ការទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជនេះ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជន ព្រមទាំងសាធារណជនទូទៅផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នះ បានបញ្ជាក់ថា «ដោយមានការចូលរួមពីក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី គឺជាគ្រឹះស្ថានទីមួយ ដែលបានបំលែងខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ដោយមិនមានការគួបបញ្ចូលជាមួយ គ្រឹះសា្ថនហិរញ្ញវត្ថុណាមួយឡើយ។ ក្រោយពីបំលែងខ្លួន ទៅជាធនាគារពាណិជ្ជ គ្រឹះស្ថាននៅតែបន្តរក្សាវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាជនជាតិខ្មែរ ជាពិសេសដែលមានលោកឧកញ៉ា លី ហួរ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ»។

លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងថា ការទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជនេះ គឺបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើង ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជន និងសាធារណជន។

លោកឧកញ៉ាបន្តថា «ការទទួលបានអាជ្ញាបណ័្ណនេះ នឹងផ្តល់ឱកាសមួយជំហានបន្ថែមទៀតដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ក្នុងការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ដែលផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ និងសម្បូរបែប ជូនអតិថិជន និងសាធារណជនគ្រប់ខេត្ត រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោកឧកញ៉ាបន្ថែមទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នឹងត្រូវប្តូរឈ្មោះទៅជា «ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក» ហើយចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម ធនាគារពីខែមេសានេះ ហើយក៏នឹងមានការដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នៅខែមិថុនាខាងមុខនេះផងដែរ។

លោកឧកញ៉ា លី ហួរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ និងបានផ្តល់ សេចក្តីទុកចិត្តក្នុងការផ្តល់អាជ្ញាប័ណ្ណ ដើម្បីបន្តពង្រឹង និងពង្រីកសេវាកម្មជូនអតិថិជន និងសាធារណជន ហើយក៏សូមអរគុណដល់អតិថិជន ដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មកន្លងមក។

លោកឧកញ៉ា ក៏បានប្តេជ្ញាចិត្តក្នុងការ បន្តធ្វើទំនើបកម្មផលិតផល ឬសេវាកម្មរបស់ខ្លួនក្នុងការបម្រើសេវាជូនអតិថិន និងសាធារណជនឲ្យកាន់តែ វិសេសវិសាលជាងនេះទៅទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺការផ្តល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ព្រោះថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងធ្វើការគៀងគរប្រភពទុនផ្សេងៗ ដើម្បីផ្តល់ឥណទានជូនអតិថិជន និងសាធារណជនជាមួយនឹងអត្រាសមរម្យ។ ជាងនេះទៅទៀត ធនាគារថ្មីនេះនឹងផ្តល់ ជូននូវសេវាកម្មហិរញ្ញវត្ថុជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩៩ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុននៃទីក្រុងតូក្យូ ដែលជាភាគទុនិកមួយដ៏ធំរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។ ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបច្ចុប្បន្ននេះមានក្រុមហ៊ុនចំណុះសរុបចំនួនប្រមាណជាង ២៦០ ក្រុមហ៊ុន នៅក្នុងប្រទេសចំនួន២០ទាំងក្នុងតំបន់ និងទូទាំងសកលលោក។

ក្រុមហ៊ុននេះបាននឹងកំពុងប្រតិបត្តិការអាជីវកម្មជាសកល នៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា សេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្មដែលទាក់ទងនឹងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន មានទ្រព្យសកម្មសរុបចំនួនប្រមាណជាង៥១.៤ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

សូមជម្រាបថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានក្រុមហ៊ុនជាសមាជិកចំនួន៨ ដូចជា៖ ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី (១៩៨៦) ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី (២០១០) បុរី វិមានភ្នំពេញ (២០១១) ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ខូអិលធីឌី (២០១១), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (២០១២) ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី (២០១៥) ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (២០១៦) និង ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក (២០១៧)។

តាមរយៈរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០១៩ នៅកម្ពុជា មានធនាគារពាណិជ្ជចំនួន ៤៦ ធនាគារឯកទេសចំនួន១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជនចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៧៥ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ៕