(កំពង់ឆ្នាំង)៖ ផ្លែស្វាយកែវរមៀត ប្រមាណជាង៥តោន ត្រូវបានយោធាតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស ព្រៃខៀវ ខេត្តពង់ឆ្នាំង កំពុងធ្វើការប្រមូលផលលក់ ក្នុងតម្លៃគួរជាទីមោទនៈ សម្រាប់បម្រើសេចក្ដីត្រូវការរបស់កងទ័ពមួយផ្នែក។

នាយតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស ព្រៃខៀវ ខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ជុំ ណារិន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា តំបន់អភិវឌ្ឍយោធភូមិភាគពិសេស ព្រៃខៀវ ស្ថិតនៅក្នុងភូមិត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តំបន់នេះមានផ្ទៃដី ចំនួន៥ហិកតា ជាទីឋានកសិកម្មសម្រាប់បម្រើសេចក្តីត្រូវការ ដល់អង្គភាពកងទ័ពបានមួយផ្នែកផងដែរ។

ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ពូ សាមុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស និងលោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរងយោធភូមិភាគពិសេស និងជានាយសេនា បានធ្វើការណែនាំដល់យុទ្ធទាំងអស់ ឲ្យមានការរួបរួមសាមគ្គីគ្នា ទើបឈានទៅដល់ការ សម្រេចបានភាពជោគជ័យ និងរីកចម្រើនជាច្រើន ក្នុងអង្គភាពតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស ព្រៃខៀវ ខេត្តកំពង់ឆ្នាំងខាងលើនេះ ដូចជាការដាំដំណាំយុទ្ធសាស្ត្រផ្សេងៗ មានទាំងការចិញ្ចឹមសត្វ គោ ពពែ មាន់ ទា និងចិញ្ចឹមត្រីផងដែរ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្ននៅក្នុងតំបន់អភិវឌ្ឍ ព្រៃខៀវ ក្រៅពីដាំដំណាំយុទ្ធសាស្ត្រ ក៏មានដាំបន្លែបង្ការួមផ្សំមួយចំនួនផ្សេងទៀត ក្នុងនោះក៏មានចិញ្ចឹមមាន់ស្រែ ចំនួន២ពាន់ក្បាលបន្ថែមទៀត ហើយក្នុងពេលថ្មីៗកន្លងទៅនេះ លោកមេបញ្ជាការយោធភូមិភាគពិសេស ក៏បានផ្ដល់ពូជត្រីឆ្ពិន ចំនួន៣ម៉ឺនក្បាល សម្រាប់ចិញ្ចឹមក្នុងស្រះផងដែរ។

តំបន់អភិវឌ្ឍន៍ យោធភូមិភាគពិសេសព្រៃខៀវ ខេត្តកំពង់ឆ្នាំង មាន៣ទីតាំង ទី១៖ ទីតាំងព្រៃខៀវ, ទី២៖ ទីតាំងព្រែកជីក និងទី៣៖ ទីតាំងតំណាក់ខ្លុង ក្នុងនោះតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស ក៏មានទីលានហ្វឹកហ្វឺន បាញ់គ្រាប់ពិតជាក់ស្តែងនៅនោះដែរ។

លោកវរសេនីយ៍ឯក ជុំ ណារិន បានអះអាងទៀតថា ពេលនេះផ្លែស្វាយកែវរមៀតរាប់ពាន់ដើម ដែលកំពុងត្រូវបានប្រមូលផលនៅពេលនេះ មាន២ទីតាំង ដែលសុទ្ធជាផ្លែស្វាយ កែវរមៀត ហើយបានលក់ទៅឲ្យម៉ូយ ដោយម៉ូយមកបេះនាំចេញទៅលក់នៅប្រទេសថៃ តាមច្រកផ្សារព្រំខេត្តប៉ៃលិន។ ផ្លែស្វាយកែវរមៀត ដែលកំពុងប្រមូលផល២លើកក្នុងឆ្នាំនេះ ប្រមាណជាង៥តោន និងបន្តបេះរហូតដល់អស់ហើយបានលក់ក្នុងតម្លៃតាមទីផ្សារ។

អាជីវករឈ្មោះ ហឿន ស៊ី ដែលប្រមូលទិញផ្លែស្វាយ ដើម្បីនាំចេញយកទៅលក់នៅប្រទេសថៃ ខាងលើនេះ បានឲ្យដឹងថា គាត់មានទីលំនៅឯផ្សារព្រុំ ខេត្តប៉ៃលិន ចំណែកផ្លែស្វាយកែវរមៀត ដែលគាត់កំពុងតែបេះនេះ គឺត្រូវរើសសម្រិតសម្រាំងឲ្យបានល្អ ព្រោះត្រូវនាំចេញយកទៅលក់ នៅប្រទេសថៃ ដោយត្រូវនាំចេញតាមច្រកផ្សារព្រុំ ខេត្តប៉ៃលិន៕