(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីអំពាវនាវថ្មីមួយ ដោយសំណូមដល់អ្នកលក់ម៉ាស់ (mask) ទាំងអស់ សូមកុំដំឡើងថ្លៃម៉ាស់ ដើម្បីទុកលទ្ធភាពដល់ប្រជាពលរដ្ឋ អាចទិញយកទៅប្រើប្រាស់បាន ដើម្បីជាការចូលរួមទប់ស្កាត់ ការចម្លងនៃជំងឺរលាកសួតប្រភេទថ្មី។

ការអំពាវនាវរបស់ក្រសួងសុខាភិបាលបែបនេះ បន្ទាប់ពីមានការផ្ទុះឡើងជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណាថ្មី នៅប្រទេសចិន និងបានសាយភាយមកដល់ប្រទេសជិតខាងកម្ពុជា ដែលធ្វើឲ្យតម្រូវការ នៃការប្រើប្រាស់ម៉ាស់ មានការកើតឡើងយ៉ាងគំហុក។

ក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងដូច្នេះថា «សូមអំពាវនាវ អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសុំកុំដំឡើងថ្លៃ ម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយើងដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើបានផង ដើម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួន លើការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង»

ក្រសួងសុខាភិបាលបានបន្ថែមទៀតថា «ទន្ទឹមនឹងនោះ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ប្រសិនបើមិនមានម៉ាស់ទេនោះ ក៏អាចប្រើកន្សែង ឬក្រដាសជូតមាត់ សម្រាប់ទប់មាត់ នៅពេលក្អកកណ្តាស់បាន ហើយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូ និងទឹកស្អាត»

ខាងក្រោមនេះជាសារអប់រំសុខភាព ដែលលោកអ្នកអាចទាញយកមកប្រើប្រាស់ បានសម្រាប់កិច្ចការពារសុខភាព លោកអ្នកពីការចម្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នេះ ៖