(ព្រះសីហនុ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ សាខាកាំកុងត្រូល ខេត្តព្រះសីហនុ ដោយមានលោក ប៊ុន ចំរើន ជាប្រធានសាខាស្តីទី បានសហការពីអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ បានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ ក្បាលត្រីប្រា ត្រីងៀត មឹកក្រៀម ប្រេងឆា ស្ពៃជ្រក់ និងជ្រក់ត្រសក់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញ មានវត្តមានសារធាតុគីមី ហាមឃាត់ នៅលើម្ហូបអាហារខាងលើ និងពុំមានការដាក់តាំងផលិផល ម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលខូចគុណភាព រឺ ហួសកាលបរិច្ឆេទនោះទេ។

ជាមួយគ្នានោះដែរ មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕