(កំពង់ចាម)៖ លោក ជ្រុន ថេរ៉ាវ៉ាត និងលោក ហេង ណន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បាន នៅដើមសប្តាហ៍នេះ បានចូលរួមជាអធិបតីក្នុងពិធីបញ្ចូលយុវជនចំនួន ១,០០៦នាក់ ជាសមាជិកគណបក្ស ប្រជាជនកម្ពុជា ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គណៈអធិបតី បានផ្សព្វផ្សាយជូនយុវជនជាសមាជិកបក្សពីប្រវត្តិស្នាដៃកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់បក្ស ព្រមទាំងសភាពការណ៌បច្ចុប្បន្នមួយចំនួន ជាមូលដ្ឋានក្លាយខ្លួនជាសមាជិក ល្អ ពលរដ្ឋល្អ សាកសមជាយុវជនបន្តវេន។ យុវជនជាសមាជិកបក្សបានសម្តែងនូវមោទនភាព ដែលបានចូលរួម ជីវភាពជាមួយគណបក្សមួយដែលមានប្រវត្តិចាស់ទុំ កើតពីប្រជាជន ជានិច្ចជាកាលតែងតែនៅជាមួយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន ហើយប្តេជ្ញាការពាររាល់ស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្ស ក៏ដូចជាសមិទ្ធិផលរបស់ រាជរដ្ឋាភិបាល ជាពិសេសសុខសន្តិភាព ដែលបានមកតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា មិនឱ្យជនអគតិណាមកបំផ្លាញបានឡើយ។

បន្ទាប់ពីចប់ពិធីនេះ ក្រុមការងារបានចុះទៅពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវបេតុង ២ខ្សែ ប្រវែង ៥,០៩៦ម៉ែត្រ (១ខ្សែសម្រេចបាន ១០០% និង ១ខ្សែទៀតសម្រេចបាន ៦០%) និងសាលារៀន ១ខ្នង ៥បន្ទប់ នៃអនុវិទ្យាល័យ មេម៉ាំង (សម្រេចបាន ១០០%) ស្ថិតនៅគ្នុងឃុំល្វា ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់ប្រជាពលរដ្ឋស្រុកព្រៃឈរ ខេត្តកំពង់ចាម៕