(ភ្នំពេញ)៖ ក្រុមការងារតាមវិស័យ សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន ដែលមានក្រសួងស្ថានប័នជិត៥០ ដោយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជាប្រធាន បានបើកកិច្ចប្រជុំរូមគ្នាលើកទី២ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា លើវិស័យធុរកិច្ចឱសថ ក្នុងការនាំចូល និងនាំចេញថ្នាំទៅក្រៅប្រទេស។

ជាពិសេស ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការសម្របសម្រួល ដល់ធុរកិច្ចលើវិស័យឯកជនផ្នែកឱសថសុខាភិបាលនេះ ឱ្យមានភាពរលូន និងងាយស្រួល ដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណា ពង្រឹងនូវគុណភាពរាល់ផលិតផលឱសថ ជូនប្រជាពលរដ្ឋយើងប្រើប្រាស់។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងក្រុមការងារ បានផ្ដោតទៅចំនុចជាច្រើន ដែលជាបញ្ហា និងសំណើរដំណោះស្រាយ ពីការអនុវត្ដបែបបទ សុំការនាំចេញឱសថ អាជ្ញាបណ្ណនាំចូល អាត្រាពន្ធនាំចូល ពីវត្ថុធាតុដើម និងវត្ថុធាតុផ្សេងៗក្នុងការផលិតឱសថ សេវាសុខាភិបាល ការចុះបញ្ជិការឱសថ ធនធានមនុស្សផ្នែកសុខាភិបាល ការវិនិយោគលើវិស័យសុខាភិបាល មន្ទីរពេទ្យ និងសហគ្រាសផលិតឱសថ ។

រដ្ឋមន្ដ្រី បានឱ្យដឹងថា ជាលទ្ធផល កិច្ចប្រជុំនេះ ទទួលបានភាពល្អប្រសើរ ដោយមានការយល់គ្នា ចំពោះយន្ដការនៃការអនុវត្ដន៍ក៏បានសម្រេចទៅក្របខណ្ឌច្បាប់ ឬបទដ្ឋានគតិយុត្ដិ ដែលមានជាធរមាន ក៏បានជំរុញឱ្យវិស័យឯកជន ខិតខំចូលរួមចំណែកក្នុងការអនុវត្ដន៍ច្បាប់ឱ្យបាន ជាពិសេសវិស័យឯកជន កុំទាមទារអ្វីដែលខុសពីក្របខណ្ឌច្បាប់។ ដោយការធ្វើអ្វីមួយ ត្រូវនាំគ្នាគោរព និងអនុវត្ដច្បាប់ ជាជាងលើកបញ្ហាដែលផ្ទុយនឹងច្បាប់។

ទន្ទឹមនឹង រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានលើកឡើងពីការចុះបញ្ជិការលើឱសថ តាមប្រព័ន្ធអនឡាញ ពី QR កូត នៅលើផលិតផលឱសថ ដើម្បីងាយស្រួល ក្នុងការពិនិត្យមើលថា វាជាផលិតផលពិត ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការកាត់បន្ថយចរាចរណ៍ ឱសថអន់គុណភាព ឬឱសថក្លែងក្លាយជាដើម ជាពិសេស គឺធានាបាននូវផលិតផលពិត ជូនដល់ពលរដ្ឋយើងប្រើប្រាស់៕