(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា «គណៈកម្មាធិការវិនិយោគកម្ពុជា» មានរៀបចំកិច្ចប្រជុំ «ច្រកចេញ-ចូល តែមួយ»

ក្រោម អធិបតីភាពលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សាលើកមតិសុំការពិនិត្យសម្រេចពីរាជរដ្ឋាភិបាល នូវសំណើវិនិយោគ ចំនួន១៦គម្រោង ក្នុងគម្រោងទុនវិនិយោគសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងប្រើប្រាស់កម្លាំង ពលកម្មសរុបប្រមាណជិត២ម៉ឺនកន្លែង។

 ក្នុងចំណោមគម្រោងវិនិយោគដែលអង្គប្រជុំ «ច្រកចេញ-ចូល តែមួយ» នៅក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជាបានពិនិត្យ សម្រេចខាងលើនេះ មានការកត់សម្គាល់ ដូចខាងក្រោម ៖

១៖ គម្រោងវិនិយោគផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី មានចំនួន៤គម្រោង ក្នុងគម្រោងទុនវិនិយោគ សរុបចំនួន ១៨លានដុល្លារអាមេរិក។

២៖ គម្រោងវិនិយោគផលិត និងផ្គុំដំឡើងបន្ទះសូឡា មានចំនួន២គម្រោង ក្នុងគម្រោងទុនវិនិយោគសរុបចំនួន ១៨លានដុល្លារអាមេរិក។

៣៖ គម្រោងវិនិយោគសណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មានចំនួន៤គម្រោង ក្នុងគម្រោងទុនវិនិយោគ សរុបចំនួន ១៨៤៣លានដុល្លារអាមេរិក ក្នុងនោះសណ្ឋាគារថ្កាក់ផ្កាយ៥ ចំនួន ៣៦០០បន្ទប់ (នៅភ្នំពេញ មានចំនួន ២.១០០បន្ទប់ និងនៅខេត្តព្រះសីហនុមានចំនួន ១៥០០បន្ទប់)។

៤៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យអគ្គិសនីចំនួន២គម្រោង ផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺ ព្រះអាទិត្យកម្លាំង៣០មេហ្គាវ៉ាត់ និងគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ៍ ក្នុងគម្រោង ទុន វិនិយោគសរុបចំនួន ១០០លានដុល្លារអាមេរិក។

៥៖ គម្រោងផ្គុំដំឡើងរថយន្ត គ្រឿងចក្រ និងឧបករណ៍ផ្សេងៗ មានចំនួន១គម្រោង ក្នុងគម្រោងទុនវិនិយោគសរុប ចំនួន ៦លានដុល្លារអាមេរិក។

៦៖ គម្រោងលើវិស័យផ្សេងៗទៀត ដូចជារោងចក្រផលិតចំណីសត្វ រោងចក្រផលិតឥដ្ឋ រោងចក្រផលិតនំ និង ស្ករគ្រាប់ មានចំនួន៣គម្រោង ក្នុងគម្រោងទុនវិនិយោគសរុបចំនួន ២០លានដុល្លារអាមេរិក។

អ្វីដែលជាការកត់សម្គាល់ដោយឡែកនោះ គឺក្រុមហ៊ុន Aeon Mall ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមកពីជប៉ុន បានវិនិយោគសាងសង់ផ្សារទំនើបចំនួន២រួចហើយ ហើយពង្រីកបន្ថែមថ្មីមួយទៀត នៅមហាវិថីសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ) ជារូបភាពបង្ហាញថា បរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមាន ភាពល្អប្រសើរ ផ្តល់ទំនុកចិត្ត កាន់តែខ្លាំងដល់វិនិយោគិន បរទេស ក៏ដូចជាវិនិយោគិនក្នុងស្រុក។

ក្រៅពីការពិភាក្សាលើសំណើវិនិយោគទាំង១៦គម្រោងខាងលើនេះ អង្គប្រជុំ «ច្រកចេញ-ចូល តែមួយ» ក៏បាន ពិនិត្យពិភាក្សាលើសំណើសុំកែសម្រួលប្លង់មេអភិវឌ្ឍន៍តំបន់វិស្សមកាលឆ្នេរសមុទ្រតារាសាគរ ខេត្តកោះកុង ផងដែរ៕