(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាស្តីពីការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធយុត្តិធម៌ ដោយបានផ្តោតលើបច្ចេកវិទ្យាទំនើប និងបញ្ហាប្រឈមថ្មីៗនៃការអនុវត្តដោយបង្ខំ។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ដោយមានការចូលរួមពីលោក Marc Schmitz ប្រធានសហភាពអន្តរជាតិមន្រ្តីយុត្តិធម៌ (President of the International Union of Judicial Officers) ប្រធានសាលាដំបូង ព្រះរាជអាជ្ញាទូទាំងប្រទេស និងមន្រ្តីអនុវត្តច្បាច់ចំនួន ៧០រូបផងដែរ។

គោលបំណងសិក្ខាសាលានេះ ដើម្បីបណ្តុះគំនិតថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា ឲ្យយល់ដឹងពីប្រព័ន្ធយុត្តិធម៌ទំនើបតាមប្រព័ន្ធអេឡិត្រូនិច (e-justice), block chains, smart contracts) យុត្តិធម៌ដែលអាចបានមកពីព្យាករណ៍ បានផ្អែកលើវិធីដោះស្រាយ ការយល់ដឹងពីម៉ាស៉ីន (machine learning) និងបញ្ញាសិប្បនិមិត្មលើសេវា និងផលប៉ះពាល់នៃបច្ចេកវិទ្យាថ្មីៗ នៅក្នុងប្រព័ន្ធយុត្តិធម៌ ព្រមទាំងពិភាក្សាអំពីការវិវត្តន៍ ដែលកំពុងប្រែក្លាយទៅជាបដិវត្តជាមួយល្បឿនលឿន ដូចភ្លេកបន្ទោរ។

នៅក្នុងអង្គសិក្ខាសាលា ក៏បានពិភាក្សាលើទិដ្ឋភាពទូទៅនៃប្រព័ន្ធផ្សេងៗ ក្នុងការអនុវត្តដោយបង្ខំនៅលើពិភពលោក ដំណើរការអនុវត្តដោយបង្ខំតាមប្រព័ន្ធឌីជីថល block chains កិច្ចសន្យាវៃឆ្លាត និងបញ្ញាសប្បនិមិ្មត ទ្រព្យសម្បត្តិឌីជីថល ព្រមទាំងបញ្ហានានា ដែលកើតមានផ្នែកបច្ចេកវិទ្យាក្នុងការអនុវត្តដោយបង្ខំ។

ជាមួយគ្នានេះដែរលោក អង្គ វង្ស វឌ្ឍានា បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឲ្យមានកម្មវិធីសេដ្ឋកិច្ចឌីជីថល ដើម្បីឆ្លើយតបទៅនឹងសកលភារូបនីយកម្មពិភពលោក។ ក្នុងនោះក៏រួមមានទាំងការធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ ដោយប្រើបច្ចេកវិទ្យាថ្មីៗ តាមប្រព័នអេឡិចត្រូនិចផងដែរ ដើម្បីទាក់ទាញទំនុកចិត្ត ពីប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌៕