(ក្រចេះ)៖ សពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងចំការ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នៅចំណុចវាលក្បូន ភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយសមត្ថកិច្ចសង្ស័យបឋមថា ជាករណីឃាតកម្ម។

ក្រោយមានអំពើឃាតកម្មនេះកើតឡើងភ្លាម ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលស្រុក បើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ជនដៃដល់។ ក្រោយការសួរនាំ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅរសៀលថ្ងៃនេះ ជនដៃដល់ត្រូវបានកម្លាំងនគរបាលចាប់បានហើយ។

លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បន្ទាប់ពីការស្រាវជ្រាវស៊ើបអង្កេតយ៉ាងល្អិតល្អន់ជាក់លាក់ យើងបានកំណត់មុខសញ្ញា សង្ស័យឈ្មោះ យ៉ង ណាក់ អាយុ៣២ឆ្នាំ នៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ប៉ុន្តែមុខសញ្ញាបានគេចខ្លួន លុះដល់ម៉ោង ១៥៖៣០ កម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួន នៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ព្រមទាំងដកហូតសម្ភារជាប់ខ្លួនរួមមាន៖ ក្រវិលរបស់ជនរងគ្រោះមួយគូរ និងលុយចំនួន ៥៦0.000រៀល។

បើតាមអធិការនគរបាលស្រុកព្រែកប្រសព្វ នៅរសៀលម្សិលមិញ សពស្រ្តីរងគ្រោះ ឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំ ត្រូវបានប្រទះឃើញ។ ស្រ្តីរងគ្រោះមានប្ដីមានកូនម្នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។

អធិការរូបនោះបន្តទៀតថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានក្មេងស្រីម្នាក់ឈ្មោះ ថៃ វ៉ារី អាយុ៦ឆ្នាំ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ អាយុ៤៧ឆ្នាំ ត្រូវជាអ៊ំបង្កើតថា ឪពុកខ្លួន ប៊ុន ផេង ទៅដឹកអុសឡ ខណៈម្តាយដឹកគោទៅក្រោយផ្ទះ តែមិនឃើញត្រឡប់មកវិញ ក៏ចាប់អារមណ៍រហូតដល់ម៉ោងប្រហែល ៦ល្ងាច រួចនាំគ្នាដើរកតែរកមិនឃើញ លុះដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក៏ប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ក្នុងព្រៃមានស្ពាយកាបូប នៅខាងក្រោយផ្ទះប្រហែលជា ១៥០ម៉ែត្រ។

លោកបន្តទៀតថា តាមការពិនិត្យសាកសព ឃើញមានស្នាមវាយនិងវត្ថុរឹង ដែលមានស្លាកស្នាមជាំពោរធ្គាមសងខាង ពោរចង្កា បែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង។ ក្រោយពីការពិនិត្យពីរមន្រ្តីជំនាញបានប្រគល់សពស្រ្តីរងគ្រោះ ឲ្យសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន កសាងសំណុំរឿងទៅកាន់ការិយាល័យជំនាញខេត្ត៕