(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោក លឹម យូ និងភរិយា បាននាំយកអំណោយ រួមមាន អង្ករ០២តោន, មីម៉ាម៉ា៨០កេស, សាច់ក្រក៨០គីឡូ, ទឹកត្រី ទឹកស៉ីអ៉ីវ៨០យួរ ប្រគល់ជូនលោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តាមបំណងរបស់ម្តាយដែលបានផ្តាំមុនចែកឋាន។

ម្តាយរបស់លោក លឹម យូ ឈ្មោះ ជា ឃុនប៉ិច កាលនៅមានជីវិត តែងយកអំណោយជាគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាញឹកញាប់ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញបន្ថែមនូវរបបហូបចុកប្រចាំថ្ងៃ របស់សមាជិកអាវុធហត្ថរាជធានីភ្នំពេញផង និងផ្ញើជាទាន ចែកជូនបន្ត ទៅដល់ជនទីទាល់ក្រ និងចាស់ជរាទុរគត់ដ៏ទៃទៀតផង ដូចដែលលោក រ័ត្ន ស្រ៊ាង ធ្លាប់បានឧបត្ថម្ភជារៀងរាល់ខែ ជាច្រើនគ្រួសារច្រើនឆ្នាំកន្លងមក។

ដោយសេចក្តីពេញចិត្តនឹងអំពើជាកុសលរបស់លោក រ័ត្ន ស្រ៊ាង យ៉ាងខ្លាំងនោះឧបាសិកា ជា ឃុនប៉ិច មុនពេលចែកឋាន បានផ្តាំផ្ញើដល់កូន និងកូនប្រសារ ឲ្យបន្តយកទានមកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដូចដែលគាត់ធ្លាប់ធ្វើកន្លងមកជាបន្តទៀត។

ត្រង់នេះហើយដែលធ្វើឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំជួលចិត្ត រំភើបត្រេកអរ រហូតហូរទឹកភ្នែកពេលបានទទួលអំណោយពីលោក លឹម យូ និងភរិយា តាមការផ្តែផ្តាំរបស់ម្តាយ ដែលចែកឋានទៅហើយនោះ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានឧទ្ទិសសូមឲ្យវិញ្ញានក្ខន្ធឧបាសិកា ជា ឃុនប៉ិច បានទទួលសោយសុខនូវបុណ្យកុសល ដែលគាត់បានសាងគ្រប់កាលវេលា គ្រប់ទីឋាន និងគ្រប់ៗជាតិ៕