(ភ្នំពេញ)៖ សុភាសិតខ្មែរមួយឃ្លា បានចែងទុកថា «ចំណេះបានពីរៀន មានបានមកពីរក» គឺជាសុភាសិតដ៏ប្រពៃ មានតម្លៃដក់ជាប់នឹងសង្គម ទុកជាគតិអប់រំដល់កូនខ្មែរទាំងឡាយ មិនចេះសាបសូន្យឡើយ។ បុគ្គលដែលខិតខំរៀនសូត្រ រមែងតែងតែបានមកវិញ នូវលទ្ធផលជាទីគាប់ចិត្តមិនខានឡើយ។

តៅ វិលៀម គឺជាយុវជនម្នាក់ ដែលបានដាក់ចិត្តដាក់កាយ ខិតខំរៀនសូត្ររហូតទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៩នេះ ខណៈដែលពីមុនយុវជនរូបនេះ ធ្លាប់ជាសិស្សខ្ជិល លេងតែល្បែងក្នុងទូរស័ព្ទ។ នេះគឺជារឿងមួយ ដែលគួរឱ្យកោតសរសើរ ដែលយុវជនម្នាក់នេះ បានប្រែខ្លួនជាជនគំរូយ៉ាងដូច្នេះ។

តៅ វិលៀម គឺជាអតីតសិស្សសាលាណត្សឡាញន៍ សាខាស្ទឹងមានជ័យ និងជាសិស្សនិទ្ទេស A ក្នុងចំណោមអ្នកជាប់និទ្ទេស A ទាំង៤៤៣នាក់ នាសម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ ដែលមានបេក្ខជនសរុបចំនួន ១១៧,០៤៣នាក់។ យុវជនរូបនេះ កើតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះដែរ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំពិធី ផ្តល់រង្វាន់លើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជ័យលាភី និទ្ទេស A ចំនួន៦នាក់ ប្រចាំឆ្នាំសិក្សា ២០១៨-២០១៩។ យុវជន តៅ វិលៀម បានឡើងចែករំលែក បទពិសោធន៍ជោគជ័យរបស់ខ្លួន នៅចំពោះមុខសិស្សានុសិស្សជាច្រើន។

តៅ វិលៀម បានលើកឡើងថា ខ្លួនធ្លាប់ជាសិស្សម្នាក់ ដែលលេងតែទូរស័ព្ទ មិនឧស្សាហ៍ព្យាយាមក្នុងការសិក្សានោះទេ។ ប៉ុន្តែ ពេលចូលរៀនថ្នាក់ទី១២ គេបានខិតខំកែទម្លាប់អាក្រក់នេះចេញ និងបានដាក់ផែនការរៀនសូត្រច្បាស់លាស់ឡើងវិញ ដោយសារខ្លួនមានមហិច្ឆិតា ចង់បាននិទ្ទេសល្អ ដើម្បីងាយស្រួលយកអាហាររូបករណ៍ បន្តការសិក្សានៅតាមសាកលវិទ្យាល័យ ទាំងក្នុងប្រទេស និងក្រៅប្រទេស។

យុវជនរូបនេះ បានបញ្ជាក់ថា «ជាបទពិសោធន៍ តាមពិតទៅខ្ញុំជាសិស្សខ្ជិលម្នាក់ លេងតែទូរស័ព្ទ។ ខ្ញុំមានមហិច្ឆិតាយកឱ្យបាន A ឬ B។ តាមពិតទៅអ្នកខ្លះគេគិតថា វាអត់សំខាន់ទេពេលនៅសាកលវិទ្យាល័យ ប៉ុន្តែសម្រាប់ខ្ញុំវាជាកត្តាមួយ លើកមុខមាត់ខ្ញុំដែរ គ្រួសារ សាលារៀន និងសង្គមជាតិ។ និទ្ទេស A គឺជានិទ្ទេសស្រួលដាក់អាហាររូបករណ៍ តាមសាលានានា ទាំងក្នុងស្រុក និងក្រៅស្រុកជាដើម»

តៅ វិលៀម បានប្រើវិធីសាស្ត្រចំនួន៣ ដើម្បីសម្រេចគោលដៅរបស់គេ។ យុវជនបន្ថែមថា ទី១ គឺមហិច្ឆិតា ចង់បាននិទ្ទេសល្អ, ទី២ រកវិធីរៀន គឺសិក្សាឱ្យបានច្បាស់លាស់ ពីរូបមន្តគ្រឹះរបស់មុខវិជ្ជាសិក្សា និងទី៣ ការកំណត់ខ្លួនឯងអនុវត្តន៍លំហាត់ឱ្យបានច្រើន មុនពេលប៉ះពាល់ទូរស័ព្ទ។

តៅ វិលៀម បញ្ជាក់ថា «អ្នកខ្លះចេះដោយសារការសរសេរ និងចងចាំ ប៉ុន្តែខ្ញុំចូលចិត្តស្តាប់អ្នកដទៃ ដូចជាមុខវិជ្ជាជីវៈ និងភាសាខ្មែរ។ ចំពោះមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា យើងត្រូវការខ្លាំងចងចាំរូបមន្តគ្រឹះរបស់វា។

យុវជនរូបនេះបន្តថា «ខ្ញុំហាមខ្លួនឯងថា ធ្វើលំហាត់ប៉ុន្មានមុនប៉ះទូរស័ព្ទបាន។ កំណត់ខ្លួនឯងឱ្យធ្វើលំហាត់ មុនពេលប៉ះទូរស័ព្ទ»។

លោក ស៉ីវ សំអឿន គ្រូបង្រៀនម្នាក់នៃសាលាណត្សឡាញន៍ សាខាស្ទឹងមានជ័យ បានផ្តល់បទសម្ភាសដល់ Fresh News ពីប្រវត្តិសិក្សារបស់យុវសិស្ស វិលៀម។ លោកថ្លែងថា វិលៀម គឺជាសិស្សអត់ធ្មត់ក្នុងការសិក្សា ពោលគេបានកែទម្លាប់ពីការលេងល្បែង ក្នុងទូរស័ព្ទច្រើន ទៅជាការខិតខំសិក្សាមិនខ្លាចនឿយហត់។

លោក ស៉ីវ សំអឿន បានតាមដានការសិក្សារបស់ វិលៀម យ៉ាងយកចិត្តទុកដាក់ផងដែរ។ លោកថ្លែងបន្តថា ៣ខែចុងក្រោយ វិលៀមខិតខំប្រឹងប្រែងណាស់ ក្នុងការសិក្សាស្រាវជ្រាវ អនុវត្តន៍លំហាត់ ដែលលោកគ្រូអ្នកគ្រូបានដាក់ទៅ តែមុខវិជ្ជាណា ដែលអត់សំខាន់ អត់ចូលក្នុងការប្រឡង គាត់អត់មើលទេ ព្រោះបើមើលទៅ គាត់អត់មានពេលវេលាមើលវិជ្ជាសំខាន់ៗ។

លោកបញ្ជាក់ថា «វិលៀម ជាសិស្សល្អ អត់ធ្មត់ មានន័យថា គាត់ពូកែព្យាយាម គាត់កំណត់ការសិក្សារបស់គាត់ បានត្រឹមត្រូវ គាត់ដឹងពីរបៀបរៀនរបស់គាត់។ គាត់សិក្សាសំខាន់ ផ្តោតតែមុខវិជ្ជាគោលពេលប្រឡងទេ ដូចជាមុខវិជ្ជាគណិតវិទ្យា គីមី ជីវៈ ភាសាខ្មែរ និងមុខវិជ្ជាប្រវត្តិវិទ្យា។ ជាទូទៅ វិលៀមមករៀនទាន់ពេលវេលា គាត់ជាសិស្សមួយរូបគោរពអ្នកគ្រូលោកគ្រូ គោរពពេលវេលា គាត់ស្រឡាញ់មិត្តភក្តិ គាត់តែងតែជួយមិត្តភក្តិ សិស្សណាដែលខ្សោយៗ ហើយគាត់មានក្លឹបសិក្សារបស់គាត់»

លោកបន្ថែមថា កាលពីវិលៀមរៀននៅថ្នាក់ទី១០ ទី១១ ពេលម៉ោងសម្រាកគាត់ចុចទូរស័ព្ទលេង ប៉ុន្តែពេលចូលឆ្នាំទី១២ គាត់បានសន្យាខ្លួនឯងថា ឈប់កាន់ទូរស័ព្ទ ឈប់លេងល្បែងក្នុងទូរស័ព្ទ។ គាត់បានដាក់ទិសដៅ ក្នុងការសិក្សារបស់គាត់ថា បើគាត់ប៉ះទូរស័ព្ទ ទាល់តែគាត់ធ្វើលំហាត់បាន៣ បាន៤សិន ឬអនុវត្តន៍លំហាត់ឱ្យបានច្រើនសិន ហើយការលេងទូរស័ព្ទទៀតសោត គាត់លេងមានម៉ោង មានពេលសម្រាក និងលេងលំហែរខួរក្បាល ជាពិសេសលេងទូរស័ព្ទដើម្បីមើលមេរៀន ដែលទាក់ទងនឹងការសិក្សាវិញ។

ជាមួយគ្នានេះដែរ លោកស្រី អួង ស្រី ដែលជាមាតារបស់យុវជន តៅ វិលៀម បានកោតសរសើរកូនរបស់លោកស្រីយ៉ាងខ្លាំង ដែលរូបគេបានខិតខំប្រឹងប្រែងតស៊ូ រហូតទទួលបានជោគជ័យក្នុងការសិក្សា។ លោកស្រីថ្លែងថា កូនលោកស្រីគឺជាមនុស្សឧស្សាហ៍ ទោះបីជារវល់នឹងការសិក្សា ក៏គេមិនភ្លេចជួយធ្វើការងារផ្ទះដែរ។

លោកស្រីបន្ថែម ជាអ្នករកស៉ីដូចលោកស្រី មានការងារច្រើនត្រូវធ្វើ ហើយកូនលោកស្រីនៅតែឆ្លៀតពេល ជួយការងារលោកស្រីទៀត។ រឿងមួយទៀត ដែលលោកស្រីសរសើរ វិលៀម គឺមិនចេះដើរលេងចោលផ្ទះ និងរៀនបានល្អខាងភាសាអង់គ្លេស ១០ឆ្នាំជាប់ៗគ្នា។

លោកស្រី អួង ស្រី បញ្ជាក់ថា «ក្រៅពីខំរៀនគាត់ជួយការងារផ្ទះ ពឹងគាត់ឱ្យធ្វើអ្វីមួយគាត់ទៅធ្វើ។ ខ្ញុំអាណិតកូនណាស់ គាត់ខំរៀនហើយគាត់ធ្វើការងារជួយយើងទៀត ព្រោះខ្ញុំរកស៉ី។ គាត់មិនដែលដើរលេងទេ គាត់អាចទៅញ៉ាំអាហារត្រឹមម៉ោង៩ មិនដែលដើរលេងចោលផ្ទះទេ។ គាត់រៀនពូកែរហូត គាត់ចូលណត្សឡាញ១០ឆ្នាំហើយ គាត់រៀនពូកែប្រចាំថ្នាក់រហូត គាត់កម្របានលេខអន់ណាស់។

លោក ប៉ិច បូឡែន ប្រធានក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានអបអរសាទរ ចំពោះសិស្សានុសិស្សប្រឡងជាប់ទាំងអស់គ្នា។ លោកចាត់ទុកថា នេះជាជោគជ័យរបស់សាលា ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យអប់រំ នៅប្រទេសកម្ពុជា។

លោក ប៉ិច បូឡែន បានកោតសរសើរ វិលៀម និងសិស្សានុសិស្សទាំង ៥នាក់ទៀត ដែលរៀននៅតាមសាខានានា បាននិទ្ទេសល្អប្រសើរយ៉ាងដូច្នេះ។ លោកបានផ្តាំផ្ញើឱ្យពួកគេ ខិតខំបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតខាងមុខ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនសរុបចំនួន ១១៧,០៤៣នាក់ ដែលមានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ។ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, និទ្ទេសB ចំនួន ២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។

ក្រោមកំណែទម្រង់ការអប់រំថ្មីរបស់ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា គឺលោក ហង់ ជួនណារ៉ុន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានរឹតបន្តឹង ដោយហាមផ្តាច់ខាតការនាំយកសំណៅឯកសារនានាចូលក្នុងបន្ទប់ប្រឡង ការលួចចម្លងគ្រប់រូបភាព ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចជាដើម។ ក្រសួងអប់រំ បានប្រកាសថា បេក្ខជនបាក់ឌុបដែលទទួលបាននិទ្ទេស A នៅឆ្នាំ២០១៩នេះ មានចំនួនច្រើនជាងគេ បើគិតចាប់ពីឆ្នាំ២០១៤ ដែលជាឆ្នាំធ្វើកំណែទម្រង់ ស៉ីជម្រៅលើការប្រឡងបាក់ឌុប៕