(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ដាំផ្ញើឲ្យមន្ត្រី និងកម្លាំងសណ្ដាប់ខណ្ឌទាំងអស់ ដែលមានតួនាទីភារកិច្ច ត្រូវដាក់វេនប្រចាំការ ដើម្បីការពាររក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងសប្បាយផ្សេងៗ ពិសេសតាមវត្តអារាម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ជូនប្រជាពលរដ្ឋ នៅមុនពេលលោកដឹកនាំប្រតិភូខណ្ឌ នាំយកអំណោយទៅឧបត្ថម្ភ និងសួរសុខទុក្ខដល់កងទ័ព និងក្រុមគ្រួសារទ័ពការពារទឹកដី នៅសមរភូមិមុខ។

ការផ្ដាំផ្ញើរបស់លោក ជា ពិសី ធ្វើឡើងក្នុងពេលលោកជួបសំណេះសំណាល ដើម្បីឧបត្ថម្ភថវិកា និងចែកភេសជ្ជជូនមន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ជាច្រើននាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌវេនទី១០ ស្ថិតនៅសាលាខណ្ឌ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។

មុនឧបត្ថម្ភថវិកា និងចែកភេសជ្ជ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ លោក ជា ពិសី បានផ្ដាំផ្ញើឲ្យមន្ត្រី និងកម្លាំងសណ្ដាប់ខណ្ឌទាំងអស់ ដែលមានតួនាទីភារកិច្ច ត្រូវដាក់វេនប្រចាំការ ដើម្បីការពាររក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងសប្បាយភាពផ្សេងៗ ពិសេសតាមវត្តអារាម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ជូនប្រជាពលរដ្ឋ។

សូមជម្រាបថា រដ្ឋបាលខណ្ឌឫស្សីកែវ អំពាវនាវពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងមន្ដ្រីរាជការនៅទូទាំងខណ្ឌឫស្សីកែវ ចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារទ័ពការពារទឹកដីនៅសមរភូមិមុខ។

លិខិតអំពាវនាវ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ឲ្យដឹងថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នឹងដឹកនាំគណៈប្រតិភូខណ្ឌ ចូលរួមជាមួយគណៈប្រតិភូរាជធានីភ្នំពេញ នាំយកអំណោយទៅឧបត្ថម្ភ និងសួរសុខទុក្ខគ្រួសារកងទ័ព ព្រមទាំងកងទ័ពវរសេនាតូចលេខ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលមានទីតាំងឈរជើងនៅខ្សែក្រវ៉ាត់ព្រំដែន នៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ និងកងពលតូចលេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

រដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌ចែករំលែក។ អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូន ការិយាល័យអន្តរវិស័យ និងការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៅសាលាខណ្ឌឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ៕