(កំពង់ស្ពឺ)៖ ​អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦៖១០នាទីរសៀល មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយទី៥ (GS5) ទៅអនុស្ថានីយកំពង់ស្ពឺ (GSKPS) មូលហេតុដោយសារបងប្អូនប្រជាពលរដ្ឋបោះខ្សែភ្លើង ចូលដែនខ្សែបណ្តាញតង់ស្យុងខ្ពស់ (HV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ទូទាំងខេត្តកំពង់ស្ពឺ។

ក្រុមការងារបច្ចេកទេសបានធ្វើការស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុង នៅវេលាម៉ោង៤៖៤៥នាទីរសៀលថ្ងៃដដែលនេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យ មានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕