(ព្រះវិហារ)៖ លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងចែកអំណោយរួមមាន ថវិកា សម្ភារ យកទៅប្រគល់ជូនដល់កងវរសេនតូចអន្តរាគមន៍ លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ១០៥ ស្ថិតនៅតំបន់មុំបី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

ក្នុងពិធីនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក មាស សុខសេនសាន លើកឡើងថា នេះជាការចុះសាកសួរសុខទុក្ខលើកទី៣ ក្នុងឆ្នាំ២០១៩នេះ ហើយកិច្ចការនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងឱកាសបុណចូលឆ្នាំថ្មី ប្រពៃណីជាតិ និងរដូវបុណ្យភ្ជុំបិណ្ឌ។

លោកបញ្ជាក់ថា ការចុះមកពេលនេះ ក្នុងគោលបំណងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព ប្រកបដោយទឹកចិត្តស្មោះស និងបរិសុទ្ធ ដែលស្តែងចេញ តាមរយៈការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើសុខទុក្ខកងកម្លាំងការពារព្រំដែន ដែលបាននិងកំពុង ខិតខំប្រឈមនៅជួរមុខ សម្ដៅថែរក្សា និងការពារឯករាជ្យ អធិបតី បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសន្តិសុខជាតិយ៉ាងរឹងមាំ មិនឲ្យកម្លាំងណាមករំលោភ បំពាន និងបំផ្លាញបានឡើយ។

លោក មាស សុខសេសាន បានបញ្ជាក់ទៀតថា សកម្មភាពសួរសុខទុក្ខនេះ បង្ហាញពីការផ្សាភ្ជាប់យ៉ាងជិតស្និត និងកក់ក្តៅរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នថ្នាក់ជាតិ ទៅកងវរសេនាតូចទាំង២ អង្គភាព ដែលជាអង្គភាពការពារព្រំដែននៅតំបន់មុំបី។ លោកបន្តថា កិច្ចការដែលក្រសួងសេដ្ឋកិច្ច បាននិងកំពុងចូលរួមនេះ គឺជាផ្នែកមួយនៃការជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ជាពិសេសឆ្លើយតប និងគោលដៅអាទិភាព ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលនៅតែបន្តកិច្ចការកែទម្រង់កងកម្លាំងប្រដាប់អាវុធ តាមរយៈការពង្រឹងការដឹកនាំ ការគ្រប់គ្រង និងខ្សែរយៈចាត់តាំង។

ជាមួយគ្នានោះ តំណាងឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន បានគូសបញ្ជាក់បន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តផ្តល់ការឧបត្ថម្ភគាំទ្រជានិច្ច ដល់កងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែន លេខ១០៥ ដើម្បីតបស្នងទៅនិងឆន្ទៈលះបង់យ៉ាងប្ដូរផ្តាច់ របស់កងកម្លាំងនៅព្រំដែន ក្នុងស្មារតីជំរុញប្រសិទ្ធភាព នៃការងារកងទ័ព ឲ្យស្របការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនោះ លោកក៏បានសំណូមពរដល់កងកម្លាំង បន្តបង្កើនស្មារតីស្នេហាជាតិ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ គោរពស្រឡាញ់ប្រជាជន មនឆន្ទៈប្រយុទ្ធប្តូរផ្តាច់ និងពង្រឹងសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារជាតិ ការពាររាល់សមិទ្ធផល នៃសង្គម និងការពាររដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន៕