(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនដល់កុមារកំព្រា និងបុគ្គលិក នៃមណ្ឌលគោលដៅទាំង១៣ ក្នុងរាជធានីភ្នំពេញ ប្រមាណជិត១,០០០នាក់។

ពិធីនេះ ត្រូវបានប្រារព្ធឡើង នៅមណ្ឌលកុមារកំព្រាសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា, លោក ឱម វិសាល តំណាង ធនាគារ អិម ជី អិន អេមផឹរើរ ប៊ែង រួមជាមួយលោក-លោកស្រី អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងប្រធានមណ្ឌលទាំង១៣ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរតែងតែគិតគូរ ពីសុខទុក្ខផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភ ទាំងសម្ភារថវិកាគាំទ្រ និងលើកទឹកដល់ក្មួយៗ កុមារកំព្រាទាំងអស់ នៅទូទាំងប្រទេស។

លោកស្រី បានបន្តទៀតថា ការពិតក្មួយៗ កំព្រាឪពុក-ម្តាយមែន តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមានសម្ដេចទាំងពីរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ តែងតែនៅក្បែរក្មួយៗជានិច្ច ដើម្បីដោះស្រាយការលំបាក និងក្តីកង្វល់នានារបស់ក្មួយៗ។

លោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានមណ្ឌលបុគ្គលិក និងម៉ែដោះ ដែលបានជួយថែទាំដល់កុមារកំព្រាទាំងអស់ ហើយក៏សូមអរគុណពីការជួយឧបត្ថម្ភគាំទ្រពីវិស័យឯកជន ជាពិសេសធនាគារ អិម ជី អិន អេមផឹរើរ ប៊ែង ដែលបាន ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងការងារមនុស្សធម៌នាពេលកន្លងមក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលផង ក៏ដូចជាថែរក្សានូវអនាគតធនធានមនុស្សរបស់កម្ពុជាផង។

លោកស្រីបន្ដថា ជាក់ស្តែងថ្ងៃនេះ ធនាគារ អិម ជី អិន អេមផឹរើរ ប៊ែង ក៏បានផ្តល់ជូននូវរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដល់មណ្ឌលទាំង១៣ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា មី និងអំបិល។ ចំណែកឯកុមារម្នាក់ៗ ទទួលបានកន្សែងពោះគោ១ ភួយ១ សាប៊ូលុច១កញ្ចប់ ថ្នាំដុសធ្មេញ១ប្រអប់ ច្រាសដុសធ្មេញ១ សាប៊ូកក់សក់១ដប និងថវិកាមួយចំនួន និងបុគ្គលិកតាមមណ្ឌល ក៏បានទទួលថវិកាឧបត្ថម្ភផងដែរ។

លោកស្រី ក៏បានសំណូមពរឲ្យម៉ែដោះ បន្តយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងជួយថែទាំដល់កុមារកំព្រាទាំងអស់ និងអំពាវនាវដល់ សុប្បុរសជននានា ក៏ដូចជាវិស័យឯកជន បន្តជួយឧបត្ថម្ភគាំទ្រដល់កុមារកំព្រាទាំង នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសផងដែរ៕