(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពេលដែលក្រុមប្រតិភូខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីចុះសាកសួរសុខទុក្ខកងទ័ពសមរភូមិមុខ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទិសការពារប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ ក្នុងឱកាសនោះអំណោយចែកជូនយោធា នារដូវបុណ្យភ្ជំបិណ្ឌប្រពៃណីខ្មែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងទៅកងទ័ពសមភូមិមុខថា «វីរភាពរបស់វីរជនសមភូមិមុខ ត្រូវបានប្រជាពលរដ្ឋបានរក្សាទុក្ខក្នុងក្រអៅបេះដូង នៅសមភូមិក្រោយដោយមិនអាចបំភ្លេចទាំងអស់ ហើយពលរដ្ឋខិតខំរកទទួលទាន មានបានក៏ដោយសារតែការការពារ បាននៅសន្តិសុខ របស់បងប្អូនកងទ័ពរបស់យើងផងដែរ»

លោកអភិបាលបានបញ្ជាក់ នៅចំពោះមុខកងទ័ពទៀតថា អ្នកសមភូមិក្រោយ ក៏ដូចជាសមភូមិមុខដែរ គឺបម្រើជាតិដោយមិនខ្លាចនឿយហត់ដូចគ្នា សមភូមិមុខប្រឹងប្រែងការពារជាតិទឹកដី រក្សាស្ថេរភាពជូនជាតិ ចំណែកឯសមភូមិក្រោយប្រឹងប្រែងថែរក្សាសុវត្តិភាព ឲ្យពលរដ្ឋរកស៊ីទទួលទានបាន ហើយពួកគាត់រកស៊ីបានចំណេញបង់ពន្ធជូនរដ្ឋ ដើម្បីយកមកបើកប្រាក់ខែ ជូនយុទ្ធមិត្ត និងទិញសម្ភារយោធបរិក្ខាអ្នកសមភូមិមុខ ពោលមានន័យថា អ្នកសមភូមិមុខប្រឹងការពារជាតិ អ្នកខាងក្រោយប្រឹងរកចំណូលជូនជាតិ និងប្រជាជនក្នុងន័យរួមគ្នាកសាង ការពារ និងអភិវឌ្ឍន៏។

ក្នុងឱកាសសំណេះសំណាលនោះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីផងដែរ។

លោក វ៉ី សំណាង ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមុនអ្នកស្នេហាជាតិ និងភាពអង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានឈរជើងការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា និងលះបង់គ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងបានផ្តល់នូវសុខសន្តិភាព ពេញលេញជូនរាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍
ប្រទេសកម្ពុជាឲ្យមានការរីកចម្រើន លើគ្រប់វិស័យថែមទៀត៕