(ភ្នំពេញ)៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សភាជាន់ទាបអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ «HR526 ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា» ដែលត្រូវបាន គេស្គាល់ផងដែរថា ជាសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជានៃឆ្នាំ២០១៩។ សេចក្តីស្នើច្បាប់ត្រូវបានអនុម័តដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវ និងបំណងទុច្ចរិកបំផុត គឺធ្វើជាមិនដឹងមិនឮ ចំពោះដំណើរការប្រជាធិបតេយ្យនីយកម្មពិតប្រាកដនៅកម្ពុជា។ ជាការពិតសេចក្តីស្នើច្បាប់នេះ គួរតែត្រូវបានហៅថា «សេចក្តីស្នើច្បាប់ពុតត្បុតចំពោះកម្ពុជា»។

សេចក្តីស្នើច្បាប់នេះ បដិសេធយ៉ាងងងឹតងងុលនូវអត្ថិភាពនៃប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស នៅក្នុងប្រទេសកម្ពុជា។ ការពិតនៃបញ្ហានេះគឺថាប្រទេសកម្ពុជាតែងតែ ប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពហុបក្ស ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ភាពប្រកួតប្រជែងផ្នែកនយោបាយត្រូវបានពង្រីក ហើយការ បោះឆ្នោតត្រូវបានគេរៀបចំធ្វើជាទៀងទាត់ ចាប់តាំងពី ឆ្នាំ១៩៩៣។

ថ្មីៗនេះប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលមាន១២គណបក្ស បានចូលរួមការបោះឆ្នោត និងមានអ្នកបោះឆ្នោតចំនួន៧,៨លាននាក់ ចុះឈ្មោះបោះឆ្នោត នៅក្នុងប្រព័ន្ធអេឡិចត្រូនិច។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រទេសកម្ពុជាក៏បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នៅក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងបរិយាប័ន្ន ប្រកបដោយជោគជ័យ។

គណបក្សនយោបាយចំនួន២០ បានចូលរួមនៅក្នុងការបោះឆ្នោតនោះ។ នៅក្នុងការប្រៀបធៀបអាត្រានៃអ្នកទៅបោះឆ្នោតបានកើនឡើង ទៅដល់ចំនុចកំពូលថ្មី រហូតដល់៨៣,២% បើប្រៀបធៀបទៅនឹងអាត្រាតែ ៥៥%ប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិក នៅឆ្នាំ២០១៦។ វាគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីឆន្ទៈរបស់ប្រជាជន។

ជាអកុសល សេចក្តីស្នើច្បាប់បានចែងថា «នៅក្នុងការបោះឆ្នោតទាំងប្រាំមួយលើក ចាប់តាំងពីឆ្នាំ១៩៩៣ គ្មានការបោះឆ្នោតណាមួយដែលសេរីនិងយុត្តិធម៌ទេ”។ នេះគឺជាការបដិសេធចំពោះការពិតដែលមិនអាចទទួលយកបាន ពីព្រោះសូម្បីតែការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ដែលហៅថា អ៊ុនតាក់នោះ ក៏មិនត្រូវបានចាត់ទុកថា សេរីនិងយុត្តិធម៌ដែរ។ នេះគឺជាឧទាហរណ៍នៃអំពើពុតត្បុតមួយរបស់អាមេរិកចំពោះកម្ពុជា។

ប្រទេសកម្ពុជាត្រូវតែទទួលយកការពិតដែលមិនស្រួលមួយ គឺថាកម្ពុជាមិនអាចនិងមិនបញ្ចុះបញ្ចូលប្រទេសណាមួយ ដែលមានចិត្តកំណត់ទុកជាមុន និងមិនមានបំណងល្អ ចំពោះ ប្រទេសតូចមួយនេះទេ។

ជាការពិតនៅក្នុងការបោះឆ្នោតទាំងអស់នៅកម្ពុជា តែងតែមានអ្នកសង្កេតការណ៍អន្តរជាតិ រួមទាំង អ្នកសង្កេតការណ៍ដែលមកពីអាមេរិកផងដែរ។ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលសភាអាមេរិក បានហៅថា «មិនសេរី និងយុត្តិធម៌ ហើយមិនតំណាងឲ្យឆន្ទៈ របស់ប្រជាពលរដ្ឋកម្ពុជា» មានអ្នក សង្កេតការណ៍អន្តរជាតិចំនួន៥៣៨រូប ដែលចូលរួមសង្កេតការណ៍ការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ មកពីអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អង្គការក្រុមប្រទេសនិយាយភាសាបារាំង (Assemlee Parlementaire de la Francophonie) សភាប្រជាជននៃសហព័ន្ធរុស្ស៊ី (Civic Chamber) អង្គការកិច្ច សហប្រតិបត្តិការសៀងហៃ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ីចលនា អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្ដរជាតិ អង្គការសភាអាស៊ី និងអង្គការអន្តរសភាអាស៊ាន។ ក្រុមអ្នកសង្កេតការណ៍បានឯកភាពទាំងអស់គ្នាថា ការបោះឆ្នោតនេះគឺប្រកបដោយសន្តិវិធី សេរីនិងយុត្តិធម៌។

សំណួរសាមញ្ញមួយនៅទីនេះគឺថា តើអ្នកណាដែលសាកសមជាងគេក្នុងការវិនិច្ឆ័យចំពោះការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា?

អ្នកសង្កេតការណ៍អន្តរជាតិដែលចូលរួមការសង្កេតការណ៍ជាក់ស្តែង ឬអ្នកនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលអានព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា?
រាជរដ្ឋាភិបាលកម្ពុជាក៏ត្រូវបានចោទប្រកាន់ពីបទ «រឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិនិងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន»។ ការពិតនៃបញ្ហានេះគឺថា មានអង្គភាព បោះពុម្ពផ្សាយព័ត៌មានប្រមាណ៨០០អង្គភាពបោះពុម្ពផ្សាយតាមប្រព័ន្ធអ៊ិនធឺរណែត៧០ និងស្ថានីយ៍ទូរទស្សន៍ចំនួន២២ ស្ថានីយ៍វិទ្យុចំនួន៣៣០ និងសមាគមអ្នកសារព័ត៌មានចំនួន៣៨។ លំហរនៃសេរីភាពត្រូវបានពង្រីក ដោយវេទិកាឌីជីថល ជាពិសេសប្រព័ន្ធហ្វេសប៊ុក។ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជា ដទៃទៀត រួមទាំងខ្លួនខ្ញុំផ្ទាល់ គឺជាអ្នកប្រើប្រាស់យ៉ាងសកម្មនៅវេទិកានេះ។ នៅក្នុងបរិបទនេះប្រជាជនកម្ពុជាទាំងអស់អាចប្រាប់ពីសេចក្តីបារម្ភ និងសេចក្តីត្រូវការរបស់ខ្លួន ទៅកាន់នាយករដ្ឋមន្រ្តី និងសមាជិកសភារបស់ពួកគាត់។

សេចក្តីស្នើច្បាប់នេះ ឆ្លុះបញ្ចាំងពីរបៀបវារៈនយោបាយយូរអង្វែង របស់សមាជិកសភាមួយចំនួន ក្នុង ការប្រើប្រាស់ការបង្ខិតបង្ខំនយោបាយ និងការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ដើម្បីធ្វើអធម្មានុភាព (Delegitimize) គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ដោយមានគោលបំណងសំខាន់គឺបំផុសបំផុលឲ្យមានការ ផ្លាស់ប្តូររបបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រទេសកម្ពុជាមានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យភាព និងឯករាជ្យភាព ដែលការពារដោយច្បាប់ និងបទដ្ឋានអន្តរជាតិ ដូចមានចែងនៅក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ។ ការមិនជ្រៀតជ្រែក ការគោរពគ្នាទៅវិញទៅមក និងអធិបតេយ្យស្មើភាពគ្នា គឺជាគោលការណ៍ស្នូលនៃទំនាក់ទំនងអន្តរជាតិ។ យើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា យល់ថាគ្មានអ្វីដែលមានតម្លៃជាងសេរីភាព និងឯករាជ្យភាពឡើយ។ ប្រជាជនកម្ពុជាទាំងអស់មិនធ្លាប់គិតថា សិទ្ធិសម្រេចដោយខ្លួនឯង បានមកដោយស្រួលៗ នោះទេ។

ក្រុងវ៉ាស៊ីនតោន គួរតែបញ្ឈប់ការប្រើប្រាស់ស្តង់ដារពីរ ដើម្បីដាក់ទោសទណ្ឌលើប្រទេសតូចតាចដូចជាកម្ពុជា។ ប្រសិនបើពួកគេនៅបន្តធ្វើដូច្នេះ ពួកគេនឹងជួបប្រទះ នូវការប្រតិកម្មតបទៅវិញ។ ប្រទេសដែលទទួលរងនូវអំពើពុតត្បុត និងទណ្ឌកម្មអយុត្តិធម៌ស្រដៀងគ្នា ត្រូវតែរួមដៃគ្នា និងក្រោកឈរឡើង ជាមួយគ្នា ដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ។ យើងមិនអាចអនុញ្ញាតឲ្យប្រទេសធំៗណាមួយមកសំឡុតយើងទេ។ សូមបញ្ជាក់ច្បាស់ថា ទោះបីជាប្រទេសតូចតាចក្តី ក៏ប្រទេសកម្ពុជានឹងមិនចុះញ៉ម ទៅនឹងប្រទេសដែលជ្រៀតជ្រែកណាមួយឡើយ។ កម្ពុជានឹងមិនបោះបង់សិទ្ធិឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីអន្តរជាតិឡើយ។ ហើយប្រទេសតូចៗផ្សេងទៀត ក៏ដូច្នេះដែរ។

ប្រទេសកម្ពុជាមានឆន្ទៈ ក្នុងការកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើគោល ការណ៍នៃទំនាក់ទំនងអន្ដរជាតិ រួមមានការមិនជ្រៀតជ្រែក ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ គ្នាទៅវិញទៅមក។ យើងក៏ត្រូវប្រកាន់ខ្ជាប់នូវតម្លៃជាសកលនៃភាពយុត្តិធម៌ បរិយាប័ន្ន និងការបើកចំហរ។ សភាអាមេរិកគួរមានយុត្តិធម៌ចំពោះកម្ពុជា ដោយយកសន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់មនុស្សដាក់នៅពីមុខទស្សនៈវិស័យយុទ្ធសាស្ត្រដ៏ចង្អៀតចង្អល់ ដោយយកប្រទេសចិន ជាកត្តាដាក់ក្នុងគោលនយោបាយ ការបរទេសរបស់ខ្លួនចំពោះប្រទេសកម្ពុជា៕

អ្នកតំណាងរាស្រ្ត សួស យ៉ារ៉ា